ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនាថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០,៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ ៧០,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤ នាក់។

គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖ រាជធានីភ្នំពេញ ១៤, ៣៧៨ នាក់ ខេត្តកំពង់ស្ពឺ ១០,៥១៥ នាក់ ខេត្តកំពត ៧,៨៤៩ នាក់ ខេត្តព្រះសីហនុ ៧,០៧៩ នាក់ ខេត្តបាត់ដំបង ៦,៧៩៤ នាក់ និង ខេត្តកណ្តាល ៤,២០៨ នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ចំនួននេះមានការថយចុះប្រមាណ ៩.៥៩% ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩%។ ការកើនឡើងនៃជំងឺកូវីដ-១៩ នៅតាមតំបន់ខ្លះៗនៃរាជធានីខេត្តមួយចំនួន បានធ្វើឲ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ ធៀបនឹងក្នុងសប្តាហ៍កន្លងមក ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំនិង៣ ការពារ»។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដោយឡែកសម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







