Floyd Mayweather បាននិងកំពុងផ្តល់រង្វាន់ ១០ ម៉ឺនដុល្លារ សម្រាប់អ្នកណា ដែលអាចផ្តល់ព័ត៌មានឈាន ទៅដល់ការចាប់ខ្លួនក្រុមចោរ ដែលថ្មីៗនេះបានចូលលួចទ្រព្យសម្បត្តិ ក្នុងផ្ទះរបស់គាត់មួយកន្លែង នៅក្នុងទីក្រុង Las Vegas។

កាលពីយប់ថ្ងៃសុក្រ (ទី១១ មិថុនា) កីឡាករប្រដាល់របស់អាមេរិក មិនស្គាល់ពាក្យថាចាញ់ វ័យ ៤៤ ឆ្នាំ រូបនេះ បានបង្ហើបប្រាប់ទៅកាន់អ្នកគាំទ្រនៅលើ Instagram ជាង ២៦.៥ លាននាក់ ថា មួយចំនួនក្នុងចំណោមទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានចោរចូលលួច ខណៈពេលគាត់កំពុងនៅឯ Miami ក្នុងរដ្ឋ Florida ដើម្បីឡើងទៅជួបដៃគូប្រកួតតារាយូធូប លោក Logan Paul កាលពីសប្តាហ៍មុននេះ។
Mayweather បានសរសេរនៅលើ Instagram ថា «ផ្ទះរបស់យើងរាល់គ្នា គឺជាទីជំរក ជាកន្លែងដ៏សន្តិភាព ជាកន្លែងសម្រាកលំហែកាយដ៏មានសេចក្តីសុខ ប៉ុន្តែ នៅពេលមាននរណាម្នាក់ មកបំពានបែបនេះ វាពិតជាធ្វើឲ្យរំខាន និងឈឺចាប់ខ្លាំងណាស់»។

Mayweather បន្តថា «មួយក្នុងចំណោមផ្ទះរបស់ខ្ញុំ ត្រូវចោរចូលលួចនៅ Las Vegas។ ពួកចោរបានលួចយកកាបូប ដែលមានតម្លៃជាច្រើន និងរបស់របរមានតម្លៃផ្សេងទៀត។ ខ្ញុំកំពុងផ្តល់រង្វាន់យ៉ាងតិច ១០ ម៉ឺនដុល្លារ សម្រាប់ព័ត៌មានណាមួយ ដែលឈានដល់ការនាំយកទ្រព្យសម្បត្តិរបស់ខ្ញុំមកវិញ»។
ករណីលួចនេះ គឺបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការប្រកួតរបស់គាត់ ជាមួយ Paul ដើម្បីតទល់នឹងតារាយូធូបលោក Logan Paul នៅលើសង្វៀន Hard Rock ដែល TMZ បានរាយការណ៍ថា ធ្វើឲ្យគាត់ក្លាយជាអ្នកមានពី ៥០ ទៅ ១០០ លានដុល្លារ។

បើទោះជា Mayweather មិនបានបញ្ចាក់ពីកាបូបថ្លៃៗទាំងអស់នោះ ដែលត្រូវបានចោរលួចយ៉ាងណា តែគាត់មាន collection Hermès ដ៏មានតម្លៃ ក្នុងនោះរួមមាន កាបូបក្រពើពណ៌សតម្លៃ ១២៥,០០០ ដុល្លារ និងដូចកាបូបក្រពើពណ៌ខ្មៅ ក្រហម និងកាបូប Ostrich ដែលមួយៗ គឺមានតម្លៃយ៉ាងតិច ៣៥.០០០ ដុល្លារ។
តែយ៉ាងណា គេក៏មិនទាន់ដឹងច្បាស់ពីតីតាំងផ្ទះរបស់គាត់ ដែលចោរបានបំបែកចូលបាននោះនៅឡើយទេ ប៉ុន្តែ វាទំនងជាវិមានតម្លៃ ១០ លានដុល្លារ របស់គាត់ នៅស្ថិតនៅវាលខ្សាច់ Las Vegas ដែលមានផ្ទះសំណាក់ចំនួន២ បន្ទប់គេង ១១ កន្លែងហាត់ប្រាណ និងចំការទំពាំងបាយជូរផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



























