ភ្នំពេញ ៖ ហាងខារ៉ាអូខេ ២ទីតាំងផ្សេងគ្នា លួចបើកដំណើរការអាជីវកម្ម បម្រើភ្ញៀវដោយសេរី ល្មើសនឹងបម្រាម វិធានការរដ្ឋបាល ខណៈដែលសមត្ថកិច្ច អាជ្ញាធរ កំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់ជម្ងឺកូវីដ១៩ ទើបនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប ហាងខារ៉ាអូខេនៅផ្លូវ២០០៤ យុីហោ ផាតធី ភូមិត្រពាំងល្វា សង្កាត់កាកាប១ ឃាត់ខ្លួនមនុស្ស៣២នាក់ ស្រី១៦នាក់ និងហាងខារ៉ាអូខេរបស់ជនជាតិចិន យុីហោ ជីនជន នៅផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ កម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនមនុស្សភ្លាមនោះទេ ព្រោះថាប្រឈមនឹងហានិភ័យ ជម្ងឺឆ្លង ហើយធ្វើការឡោមព័ទ្ធពេញមួយយប់ ស្រាប់តែព្រឹកឡើងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ពិនិត្យមើលខាងក្នុង បាត់មនុស្សអស់ សល់តែម៉ូតូនិងរថយន្ត រកម្ចាស់មិនឃើញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ហាងខារ៉ាអូខេ ទាំង២ទីតាំងផ្សេងគ្នា លួចបើកដំណើរការអាជីវកម្ម ឲ្យភ្ញៀវចូលផឹកសុីរាំច្រៀងដោយសេរី ដែលល្មើសនឹងវិធានការរដ្ឋបាល ការពារទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ទើបកម្លាំងចម្រុះចុះបង្ក្រាប ហាង ផាតធី នៅផ្លូវ២០០៤ ឃាត់ខ្លួនមនុស្ស៣២នាក់ ស្រី១៦នាក់ នាំទៅស្នងការក្រុងភ្នំពេញ ចំណែកហាងខារ៉ាអូខេរបស់ជនជាតិចិន ជីនជន នៅផ្លូវសហព័្ធរុស្សី លួចបើកឲ្យភ្ញៀវបរទេសចូលផឹកសុីដែរនោះ គ្រាដែលកម្លាំងចុះទៅ ព្រោះថាទីតាំងនោះកន្លងមក ធ្លាប់យកធ្វើជាមណ្ឌលចត្តាឡីស័កម្តងហើយ ខ្លាចប្រឈមនឹងហានិភ័យ ឆ្លងជម្ងឺកូវីដ១៩ ទើបមិនបានឃាត់ខ្លួនមនុស្សណាម្នាក់ទេ សុខចិត្តឡោមព័ទ្ធពេញមួយយប់ ស្រាប់តែព្រឹកឡើង ពិនិត្យជាក់ស្តែង មនុស្សលួចរត់ចេញតាមច្រកក្រោយអស់ បន្សល់ទុកតែម៉ូតូចំនួន៨គ្រឿងនៅខាងក្នុង នៅខាងក្រៅរបងវិញ ឃើញរថយន្តចំនួន៥គ្រឿង រកម្ចាស់មិនឃើញ ។
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បាត់អស់ កម្លាំងសមត្ថកិច្ច បន្តយាមឃ្លាំមើល សម្ភារៈទាំងនោះ ៕រក្សាសិទ្ធិដោយ៖សួងសាម



