ភ្នំពេញ ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស សុគន្ធ នីសា គឺជាតារាមួយរូបដែលត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីដំណាក់កាលផ្ទុះកូវីដសារជាថ្មីដំបូងៗ ពោលគឺដំណាលៗគ្នាជាមួយពិធីការិនី កែវ ច័ន្ទនិមល និងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ កន្លងទៅ។

តែយ៉ាងណា ក្រោយទៅសម្រាកព្យាបាលជំងឺកូវីដនេះ អស់រយៈពេលជាង ១០ ថ្ងៃ រួចមក សុគន្ធ នីសា ក៏បានជាសះស្បើយជំងឺវិញផងដែរ។ ហើយក្រោយជាសះស្បើយជំងឺកូវីដរួចបានប៉ុន្មានថ្ងៃប៉ុណ្ណោះ សុគន្ធ នីសា ក៏បានឡើងយន្តហោះទៅកាន់សហរដ្ឋអាមេរិក គួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែការចាកចេញពីប្រទេសកម្ពុជានៅពេលនោះ អ្នកនាង នីសា ក៏បានបញ្ជាក់ថា គឺទៅក្នុងលក្ខណៈចាំបាច់សម្រាប់ការងារប្រចាំគ្រួសារប៉ុណ្ណោះ។
ប៉ុន្តេអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងរន្ធត់ចិត្តជាខ្លាំងនោះ គឺថ្មីៗនេះ អ្នកនាង សុគន្ធ នីសា ស្រាប់តែបានបង្ហោះវីដេអូមួយ បង្ហាញឲ្យឃើញសក់របស់អ្នកនាងត្រូវបានជ្រុះទាំងដុំៗ បន្ទាប់ពីអ្នកនាងបានជាសះស្បើយពីជំងឺកូវី១៩។ ក្នុងនោះ អ្នកនាង សុគន្ធ នីសា បានបញ្ជាក់ឲ្យដឹងថា ពេលឈឺជំងឺកូវីដ១៩ ភ្លាមៗ គឺអត់ចាប់អាេរម្មណ៍ដឹងទេ ប៉ុន្តែ ក្រោយជាសះស្បើយ១ខែ ពេលទៅអាមេរិក ក៏ចាប់ផ្តើមជ្រុះសក់ ហើយក៏គិតថាប្រហែលប្រើទឹកខុសគ្នា ប៉ុន្តែ ត្រូវបានអ្នកនៅអាមេរិកប្រាប់ថា ក្រោយជាសះស្បើយពីជំងឺកូវីដ គឺជ្រុះសក់អុីចឹងហើយ។

ដោយមិនអស់ចិត្ត ព្រោះមានការការព្រួយបារម្ភខ្លាំង អ្នកនាង សុគន្ធ នីសា ក៏បានសាកសួរអ្នកកើតជំងឺដំណាលៗគ្នា ហើយ ណុប បាយ៉ារិទ្ធ និងក៏ដូច កែវ ច័ន្ទនិមល បានប្រាប់ថា ជ្រុះសក់ដូចគ្នា។ ហើយជាមួយគ្នានេះផងដែរ អ្នកនាង សុគន្ធ នីសា ក៏បានបង្ហាញអារម្មណ៍សោកស្តាយ អមនឹងវីដេអូថា៖ «ខ្ញុំស្រឡាញ់សក់ខ្ញុំណាស់ ប៉ុន្តែ ខ្ញុំមិនអាចថែរក្សាសក់របស់ខ្ញុំបាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








