ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំដែលមានការចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមជាមួយមន្ត្រីជំនាញបច្ចេកទេស នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកបើកបរណាល្មើសច្បាប់ចរាចរណ៍ ដើម្បីពង្រឹងការអនុវត្តច្បាប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបររបស់ម្ចាស់ប្រើប្រាស់យានយន្តនេះ គឺក្រុមបច្ចេកទេស និងសមត្ថកិច្ចចរាចរណ៍ អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តដែលចេះតែល្មើស ខុសច្បាប់ ទៅតាមស្ថាននៃបទល្មើស ដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។ ពេលនេះ ក្រុមការងារជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យា និងក្រុមមន្ត្រីទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាមួយនេះឡើង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការរលូនហើយ។
នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរ នឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឲ្យបានដឹងខ្លួនថា សុពលភាពនៃប័ណ្ណបើកបររបស់ខ្លួនកំពុងត្រូវបានកាត់ពិន្ទុ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ដល់អង្គប្រជុំផងដែរថា សូមផ្លាស់ប្ដូរយោបល់ ផ្ដល់ធាតុផ្សំសំខាន់ៗ ដើម្បីកែសម្រួលនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរនេះ ធ្វើយ៉ាងណាឱ្យកាន់តែប្រសើរឡើង ដើម្បីឈានដល់ការធ្វើបទបង្ហាញជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង ហើយមានប្រសិទ្ធភាព៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN













