Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលបន្លែបង្ការ របស់ជនជាតិដើមភាគតិច ដាក់លក់នៅក្នុងផ្សារ គឺពុំគិតភាស៊ី និងថ្លៃអនាម័យ

ខេត្តរតនគិរី ៖ ការលក់ដូរផលិតផល បន្លែបង្កា របស់ជនជាតិដើមភាគតិច ត្រូវបានអាជ្ញាធរផ្សារក្រុងបានលុង យកចិត្ត គិតគូរ ដោយផលិតផលបន្លែទាំងនោះ មិនត្រូវបានគិតភាស៊ី និងថ្លៃអនាម័យទេ។

បន្លែបង្ការរបស់ជនជាតិដើមភាគតិច ដែលបេះពីព្រៃ ក្បែរផ្ទះ ឬតាមរបង ជាដើម សុទ្ធសឹងតែជាបន្លែធម្មជាតិ ហើយពួកគាត់បានដឹកយកមកដាក់លក់ នៅផ្សារក្រុងបានលុង ខណៈនេះអាជ្ញាធរផ្សារបានលុង បានគិតគូរយកចិត្តទុកដាក់ជាខ្លំាង ដោយចាក់បេតុង និងសង់រោងត្រឹមត្រូវ ដោយមិនបណ្តោយ ឲ្យដាក់លក់ក្នុងភក់ជ្រាំ ហាលភ្លៀង ហាលថ្ងៃទៀតឡើយ ដែលជាហេតុធ្វើឲ្យពួកគាត់ប្រឈមទៅនឹងបញ្ហាអានាម័យ នាំឲ្យមានជំងឺផ្សេងៗថែមទៀតផង។

ក្រុមអ្នកលក់ដូរ ជនជាតិដើមភាគតិចទាំងនោះ បានសំដែងការរីករាយ និងបានឱ្យដឹងថា ក្រៅពីមានដំបូលលក់ត្រឹមត្រូវហើយ ខាងម្ចាស់ផ្សារ ក៏ពុំបានគិតភាស៊ី សម្រាប់ជនជាតិភាគតិច ដែលអ្នកលក់ដូរចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ ក៏ប៉ុន្តែសម្រាប់អ្នកលក់ ដែលមកលក់តាំងពីម៉ោង៤ទៀបភ្លឺ ត្រូវបង់៥០០រៀល ជាបដិភាគនៃការបង់ថ្លៃភ្លើង។

ប្រធានគណៈកម្មការផ្សារបានលុង បានឲ្យដឹងថា សម្រាប់ជនជាតិដើមភាគតិច គឺខាងផ្សារពុំគិតលុយថ្លៃភាស៊ី ឬថ្លៃអនាម័យនោះទេ ប៉ុន្តែសម្រាប់អាជីវករខ្មែរ ដែលដាក់លក់លាយឡំគ្នា ជាមួយនឹងបងប្អូនជនជាតិដើមនៅទីនេះ គឺខាងផ្សារគិតភាស៊ីធម្មតា។
បើតាមការបញ្ជាក់ពីប្រធានគណៈកម្មការផ្សារ រោងដំបូលដែលសាងសង់ នៅមិនទាន់គ្រប់គ្រាន់នៅឡើយ ដោយសារតែអាជីវករចេះតែកើនឡើង ជាពិសេសបងប្អូនអាជីវករខ្មែរ ចេះតែនាំគ្នាមកលក់លាយឡំ នឹងជនជាតិដើមភាគតិច ដូចនេះខាងផ្សារគ្រោង នឹងសាងសង់ដំបូលបន្ថែមទៀត ដែលមានប្រវែងទទឹង ១២ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ ដាច់ដោយឡែក គឺអនុញ្ញាតឲ្យតែបងប្អូនជនជាតិដើមភាគតិចលក់ តែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖CEN

×