ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួង គ្រោងទឹកប្រាក់ ៤៩៣ លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំទៅមុខទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈលើកទី៤ តាមរយៈប្រព័ន្ធអនឡាញ ទី១៥ មិថុនា។

ឯកឧត្តមបណ្ឌិត បានបន្តថា គម្រោងថវិកា ៤៩៣ លានដុល្លារ សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥នេះ គឺផ្ដោតលើយុទ្ធសាស្ត្រចំនួន៤ ដូចជា ទី១ ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត របស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទី២ ការបំពាក់ឧបករណ៍បរិក្ខារ និងសម្ភារៈបណ្ដុះបណ្ដាល។ ទី៣ ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រង មន្ត្រីជំនាញនិងគ្រូបច្ចេកទេសនិង ទី៤ ការបង្កើនបរិមាណនិងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។
ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាជំនាញមួយ ដែលដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញលើកកម្ពស់ជីវភាព កាន់តែប្រសើរឡើង សម្រាប់ប្រជាជនគ្រប់រូប។
បើតាមឯកឧត្តមរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការកែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំ បណ្តុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើតឲ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបានដោយងាយស្រួល នឹងបើកឱកាសអាចធ្វើការសម្រេចចិត្តសិក្សា នៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាព ជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។

គួរបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៤ ឆ្នាំ២០២១នេះ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកក្រោមប្រធានបទ TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់ ដើម្បីជំរុញលើកទឹកចិត្តដល់យុវជន ឱ្យចាប់អារម្មណ៍ លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ៕ រក្សាសិទ្ធិដោយ៖CEN

