Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB និង CDRI ប្រកាសភាពជាដៃគូ សម្រាប់បណ្ណាល័យអនឡាញ ជាមួយការផ្សព្វផ្សាយ សៀវភៅសំខាន់មួយ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានប្រកាសភាពជាដៃគូដំបូង បំផុត ដើម្បីបញ្ចូលឯកសារបោះពុម្ពផ្សាយក្នុងទម្រង់ឌីជីថល របស់ធនាគារអភិវឌ្ឍន៍អាស៊ីមាន ទៅក្នុងបណ្ណាល័យអនឡាញរបស់ CDRI រួមជាមួយកម្មវិធីផ្សព្វផ្សាយសៀវភៅសំខាន់មួយស្តីអំពី “ដំណើរឆ្ពោះទៅកាន់វិបុលភាព របស់ អាស៊ី៖ គោលនយោបាយ ទីផ្សារ និងបច្ចេកវិទ្យា ក្នុងរយៈពេលជាង ៥០ឆ្នាំ”។

នៅប្រទេសកម្ពុជា CDRI គឺជាមជ្ឈមណ្ឌលចំណេះដឹងដំបូងគេ ដែលត្រូវបានជ្រើសរើសជាដៃគូ សម្រាប់បណ្ណាល័យបញ្ញើផ្លូវការ នៃកម្មវិធីបណ្ណាល័យបញ្ញើរបស់ ADB។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៥ នៅទូទាំងទ្វីបអាស៊ីនិងប៉ាស៊ីហ្វិក ដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះ ក្នុងបំណង លើកកម្ពស់ចំណេះដឹង និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហានានាក្នុងការងារអភិវឌ្ឍន៍ ប្រទេស។

នាយិកាប្រចាំប្រទេសកម្ពុជា របស់ADB លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ ថា “ប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានលើសពីការផ្តល់ជំនួយហិរញ្ញប្បទាន ដោយរួមបញ្ចូល នូវការ ផ្តល់ នូវចំណេះដឹងសម្រាប់ ដំណោះស្រាយ ដែលជាមធ្យោបាយល្អបំផុតដើម្បីធានាកំណើន និងការអភិវឌ្ឍប្រកប ដោយនិរន្តរភាព។ តួនាទីនេះកាន់តែមានសារៈសំខាន់ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងងើបចេញពីវិបត្តិសុខភាពសាធារណៈ និងសេដ្ឋកិច្ច ដែលបណ្តាលមកពីកូវីដ១៩”។

រៀងរាល់ត្រីមាស ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថា នឹងចែករំលែកយ៉ាងហោចណាស់ ការបោះពុម្ពផ្សាយចំនួន ៥០ ដល់ CDRI ដែលរួមមានឯកសារស្តីពីវិស័យជាច្រើនដូចជា ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម បរិស្ថាននិងធនធានធម្មជាតិ ការអប់រំ យេនឌ័រ កសិកម្ម និងភាពច្នៃប្រឌិត។

ក្នុងឱកាសផ្សព្វផ្សាយកិច្ចសហការជាដៃគូសម្រាប់បណ្ណាល័យបញ្ញើអនឡាញនេះដែរ ADB និង CDRI ក៏បានផ្សព្វផ្សាយ អំពីសៀវភៅសំខាន់មួយស្តីអំពី “ដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី៖ គោលនយោបាយ ទីផ្សារ និងបច្ចេកវិទ្យា ក្នុងរយៈពេលជាង ៥០ឆ្នាំ”។ សៀវភៅនេះបកស្រាយទិដ្ឋភាពទូទៅ នៃការលូតលាស់និងការផ្លាស់ប្តូរនៅអាស៊ី ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ ព្រមទាំងពិភាក្សាមេរៀន គោលនយោបាយសំខាន់ៗទាញចេញពីបទពិសោធន៍ក្នុងតំបន់។

នាយកប្រតិបត្តិស្តីទី CDRI បណ្ឌិត អេង នេត្រា បានមានប្រសាសន៍ថា “សៀវភៅស្តីពីដំណើរ ឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី ស្ថិតក្នុងចំណោមឯកសារចំណេះដឹងរបស់ ADB ជាច្រើនក្នុងទម្រង់ឌីជីថល ដែលមានក្នុងបណ្ណាល័យអនឡាញរបស់ CDRI។ CDRI ជឿជាក់ថា ភាពជាដៃគូសម្រាប់បណ្ណាល័យអនឡាញ នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា។ រហូតមកដល់ពេលនេះ CDRI បានបញ្ចូលឯកសារ ដែលបានបោះពុម្ពផ្សាយដោយADB ចំនួនជាង ១.០០០ ហើយទៅ ក្នុង បណ្ណាល័យអនឡាញរបស់យើង ដែលអាចចូលទៅមើលបាននៅ http://library.cdri.org.kh ដោយមិន គិតថ្លៃ សម្រាប់សាធារណៈទូទៅ អ្នកសិក្សាស្រាវជ្រាវ ក្រុមអ្នកជំនាញ ស្ថាប័ននានារួមមានភ្នាក់ងាររាជរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល” ។

បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ីកំពុងអនុវត្តគម្រោងវិនិយោគដែលមានទឹកប្រាក់ ២,១ ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសឆ្នាំ ២០១៩-២០២៣ ដោយមានបញ្ចូលកម្មវិធីជំនួយបច្ចេកទេស និងចំណេះដឹងដ៏ទូលំទូលាយ។ នៅឆ្នាំ២០២១ ADB គ្រោងនឹងបោះផ្សាយ ឯកសារចំណេះដឹងចំនួន ២៧ និងរៀបចំកម្មវិធីផ្សព្វផ្សាយចំណេះចំនួន ១១ បន្ថែមទៀត រួមទាំងឯកសារ និងកម្មវិធីដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញរបស់ប្រទេសកម្ពុជា ពីការរាតត្បាតកូវីដ១៩។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕រក្សាសិទ្ធិដោយ៖CEN

×