ក្រុមអ្នកលេងចំនួន ១២ នាក់ នៅក្នុងទីក្រុងហូជីមិញ ត្រូវបានចាប់ខ្លួន ពីបទចូលរួមលេងល្បែងភ្នាល់បាល់ខុសច្បាប់ ដែលមានទឹកប្រាក់ ៦៥,៤១ លានដុល្លារ ឯណោះ។

លោក ត្រាន ង៉ុក ហា ប្រធាននាយកដ្ឋានប៉ូលីសព្រហ្មទណ្ឌ បាននិយាយថា មន្រ្តីជាង ១០០ នាក់ ត្រូវបានបញ្ជូនទៅចាប់ខ្លួនបុរសឈ្មោះ ប៊ូយ ទួន អាញ់ អាយុ ៣១ ឆ្នាំ ជាមេដឹកនាំក្រុមទំនើងទាំងនោះ រួមជាមួយមនុស្សជាង ២០ នាក់ផ្សេងទៀត កាលពីថ្ងៃអាទិត្យ។
ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចក្រុងហូជីមិញ បានរកឃើញអាវុធជាច្រើន ដូចជា កាំភ្លើងខ្លី គ្រាប់កាំភ្លើង កាំបិត និងក៏ដូចឧបករណ៍ភ្នាល់ផងដែរ។

អាញ់ គឺជាមេដឹកនាំក្រុមអ្នកលេងដ៏ល្បីឈ្មោះម្នាក់នៅវៀតណាម ហើយក្នុងនោះឈ្មោះ ត្រាន ធី វិញ អាយុ ៣៤ ឆ្នាំ គឺជាដៃស្តាំរបស់គាត់។ លើសពីនេះ ខ្សែបណ្តាញជាកូនចៅរបស់ពួកគេរួមមានប្រហែល ៥០ នាក់ ផ្សេងទៀត ក៏កំពុងប្រតិបត្តិការភាគច្រើន នៅតាមតំបន់ជាប់ព្រំដែនរវាងទីក្រុងហូជីមិញ, ប៊ិញដូង និងដុងណៃ។
ប៉ូលីសឲ្យដឹងថា «ក្រុមនេះ គឺត្រូវតែទទួលខុសត្រូវចំពោះបទល្មើសជាច្រើន បើទោះបីជាជនរងគ្រោះរបស់ពួកគេ មិនដែលហ៊ានរាយការណ៍ពីទង្វើរបស់ពួកគេ ទៅអាជ្ញាធរក៏ដោយ ព្រោះក្រុមនេះមានគ្រោះថ្នាក់ខ្លាំងណាស់»។

Anh បានសារភាពថា បានចាត់ចែងការភ្នាល់បាល់ទាត់តាមអុិនធើណែត តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ នៅរដូវភ្នាល់ពេញបន្ទុក នោះទឹកប្រាក់រាប់រយពាន់លានដុង គឺត្រូវហូរចូលក្នុងគណនីរបស់ក្រុមខ្លួនជារៀងរាល់យប់។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះរកបានប្រាក់ចំនួន ១,៥ ទ្រីលានដុង តាមរយៈការភ្នាល់បាល់ ក្នុងរយៈពេល ២ ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន។

Anh និងសមាជិកក្រុមផ្សេងទៀត កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការរៀបចំល្បែងស៊ីសង និងរក្សាទុក និងព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់។
គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម បានធ្វើឲ្យមានការភ្នាល់ល្បែងកីឡាមានលក្ខណៈស្របច្បាប់ និងបាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យមនុស្សដែលមានអាយុលើសពី ២១ ឆ្នាំ ជាមួយនឹងប្រាក់ចំណូលប្រចាំខែយ៉ាងហោចណាស់ ១០ លានដុង (៤៤៥ ដុល្លារ) ក្នុងការលេងល្បែងនៅកាស៊ីណូដែលបានកំណត់ ប៉ុន្តែ ចំពោះការចាក់ភ្នាល់តាមអុិនធើណែត គឺនៅតែត្រូវបានហាមឃាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង (ប្រភព៖ vnexpress)
