ភ្នំពេញ ៖ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបំភ្លឺជុំវិញការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ លើជនបរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់ តាមដងទន្លេ គឺការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរ ដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរ ដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ ភារកិច្ចស្នូល អគ្គនាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការ ជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជា ការអនុវត្តច្បាប់ចំពោះជនបរទេស ដែលស្នាក់នៅនិងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក កម្ពុជា។
កន្លងមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ ជាប្រចាំចំពោះជនបរទេស ខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន១៨៤៧០នាក់ ស្រី៣០៦០នាក់ មាន១០៤សញ្ជាត។
យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ពោលគឺរយៈពេល ៣ថ្ងៃ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះរុះរើផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រីលើផ្ទៃទន្លេ នៅក្នុងខណ្ឌចំនួន ៥ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមានៈ ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ ខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ បានជាង ១៣០០ ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី និងនៅសេសសល់មួយចំនួនទៀតកំពុងតែបន្តរុះរើ។

ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រីលើផ្ទៃទន្លេ ក្នុងខណ្ឌចំនួន ៥ ដែលបានរុះរើចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានដូចជា
១. នៅខណ្ឌព្រែកព្នៅ ផ្ទះបណ្តែតទឹកមានចំនួនសរុប ៨២ រុះរើរួចទាំង ៨២ និងបែចិញ្ចឹមត្រីមានចំនួន ២៩៦ រុះរើបានចំនួន ១៧៩។
២. នៅខណ្ឌជ្រោយចង្វារ ផ្ទះបណ្តែតទឹកមានចំនួនសរុប ២១០ រុះរើរួចបានចំនួន ៩ និងបែចិញ្ចឹមត្រីមានចំនួន ១២៩ រុះរើបានចំនួន ៨៥។
៣. ខណ្ឌឫស្សីកែវ ផ្ទះបណ្តែតទឹកមានចំនួនសរុប ៣០៨ រុះរើរួចទាំង ៣០៨ និងបែចិញ្ចឹមត្រីមានចំនួន ១៥៧ រុះរើបានចំនួន ១៤៧។
៤. ខណ្ឌច្បារអំពៅ ផ្ទះបណ្តែតទឹកមានចំនួនសរុប ២៤៩ រុះរើរួច ២១០ និងបែចិញ្ចឹមត្រីមានចំនួន ២៩៣ រុះរើបានចំនួន ២៤៧។
៥. ខណ្ឌមានជ័យ ផ្ទះបណ្តែតទឹកមានចំនួនសរុប ១២ រុះរើរួច ៩ និងបែចិញ្ចឹមត្រីមានចំនួន ៥ រុះរើទាំងអស់។

សរុបរួមផ្ទះបណ្តែតទឹក នៅលើផ្ទៃទន្លេក្នុងខណ្ឌទាំង ៥ខាងលើ មានចំនួន ៨៦១ រុះរើរួចបានចំនួន ៦២៨ និងបន្តរុះរើចំនួន ២៣៣ , បែចិញ្ចឹមត្រីសរុបរួមមានចំនួន ៨៨០ រុះរើរួចបានចំនួន ៧៦៣ និងកំពុងបន្តរុះរើចំនួន ១៧១។
ចំណែកលោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់ CEN ថា ទាក់ទងនឹងដំណើរការ នៃការអនុវត្តតាមសេចក្តីណែនាំ របស់សាលារាជធានីភ្នំពេញស្តីពីការរុះរើបណ្តែតទឹក ផ្ទះទូកតូចៗ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រីលើផ្ទៃទន្លេនៅក្នុងខណ្ឌចំនួន ៥ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺឃើញមានការចូលរួមអនុវត្តច្រើន និងនៅមានមួយចំនួនតូចបន្តធ្វើការរុះរើ៕ រក្សាសិទ្ធិដោយៈ ចេស្តារ