ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានជិះកង់មកធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉ក របស់ប្រជាពលរដ្ឋ ដែលទុកនៅមុខផ្ទះ បានសម្រេចហើយគេចខ្លួន បានរយៈពេល ៥ម៉ោង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ធ្វើការឃាត់ខ្លួន ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង ១៥នាទីព្រឹកថ្ងៃទី ១៦ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះរឿន សុភ័ក្រ្ត អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ចំណែកជនរងគ្រោះ មានឈ្មោះរឿន រតនា អាយុ ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
បើតាមសំដីរបស់ជនរងគ្រោះ ដែលជាម្ចាស់រ៉ឺម៉ក បានឲ្យដឹងថា នៅល្ងាចថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ រូបគេបានត្រឡប់មកពីធ្វើការវិញ និងបានយកម៉ូតូសណ្ដោងរ៉ឺម៉ក ទៅចាក់សោនៅក្នុងការ៉ាសសាំង ជាប់នៅមុខផ្ទះ រហូតដល់ម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១ ក៏បានឡើងចុចពិលមកមេីលរ៉ឺម៉ក ស្រាប់តែមើលឃើញជនសង្ស័យ កំពុងតែធ្វើសកម្មភាព ធាក់ច្រវ៉ាក់សោ ដែលជនរងគ្រោះ បានចាក់ជាប់នឹងរ៉ឺម៉កម៉ូតូសណ្ដោងរ៉ឺម៉ក ពេលដែលធាក់រួចហើយជនសង្ស័យ បានលើកកង់ដាក់លើរ៉ឺម៉ក ពេលនោះជនរងគ្រោះបានស្រែកថាចោរ ហើយក៏ត្រូវជនសង្ស័យ បានបាញ់ឆេះម៉ូតូជិះចូលទៅគ្លីនិកឯកជនមួយកន្លែង ដើម្បីសម្ងំលាក់ខ្លួន។

លុះដល់វេលាម៉ោង ៥ទៀបភ្លឺ សមត្ថកិច្ចនិងជនរងគ្រោះ ក៏បានរកឃើញជនសង្ស័យ កំពុងតែលាក់ខ្លួននៅមន្ទីរពេទ្យចិនឯកជនមួយកន្លែង ក៏បានឃាត់ខ្លួន យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលព្រៃវែង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចម៉ូតូរ៉ឺម៉ករបស់ជនសង្ស័យ ពិតប្រាកដមែន ហើយរូបគេក៏ធ្លាប់បានលួចម៉ូតូសណ្ដោងរ៉ឺម៉ក និងកន្ទុយរ៉ឺម៉កជាច្រើនលើកច្រើនសារផងដែរ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖មីដា




