ភ្នំពេញ ៖ ឆេះផ្ទះលក់ចាបហួយមួយកន្លែង ខណៈមេឃកំពុងតែភ្លៀង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរនិងអ្នកជិតខាង ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលក់ចាប់ហួយ បោះដុំយីហោ ម៉ាក់ សៀវ អុី ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានជាងផ្សាដែកមួយក្រុម បានចូលទៅផ្សាដំបូល និងពិតានផ្ទះជាប់គ្នា និងផ្ទះលក់ចាប់ហួយ ដើម្បីបើកជួលឲ្យភ្ញៀវថ្មីជួលនៅ ខណៈដែលក្រុមជាងកំពុងផ្សាដែកនោះ ក៏បានធ្លាក់ផ្កាភ្លើងធូបផ្សាដែក ចូលទៅផ្ទះលក់ចាប់ហួយបណ្តាលឲ្យឆាបឆេះសម្ភារៈ ដែលនៅក្នុងផ្ទះលក់ចាប់ហួយនោះ បង្កឲ្យមានអណ្តាតភ្លើងហុយផ្សែងចេញមកក្រៅ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ បាននាំគ្នាជួយយកបំពង់បាញ់ ទប់ស្កាត់ការពារកុំឲ្យមានការរាលដាល ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន១៣បំពង់ ស្របពេលនោះដែរ ក៏មានភ្លៀងមួយបានធ្លាក់មក គ្របដណ្តប់ដោយមិនបណ្តាល ឲ្យមានការឆាបឆេះបន្តទៀតនោះទេ ក្នុងហេតុការណ៏នេះដែរ ក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ចុះទៅអន្តរាគមន៍តែរថយន្តទាំង៣គ្រឿងនោះ មិនបានបាញ់ទឹកនោះទេ ដោយប្រជាពលរដ្ឋបាញ់បំពង់ពន្លត់អគ្គិភ័យ ទប់ស្កាត់ស្ថានការណ៍បានទាន់ពេលវេលា ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា អគ្គិភ័យខាងលើនេះ គឺបង្កឡើងដោយជាងផ្សាដែក បណ្តាលឲ្យធ្លាក់ផ្កាភ្លើងធូបផ្សា ប៉ះចំសម្ភារៈរបស់ម្ចាស់ផ្ទះលក់ចាប់ហួយ ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ មិបណ្តាលឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈរបស់ម្ចាស់ផ្ទះ លក់ចាប់ហួយអស់មួយចំនួនតែប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ៖សួង សាម