Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីផែនការ ៖ ប្រជាពលរដ្ឋជាង ២សែននាក់ រងផលប៉ះពាល់ នៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ-១៩ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង ២សែននាក់ ដែលរងផលប៉ះពាល់ នៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារ ដែលមានអ្នកជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បានទទួលប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តទៅ។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងផែនការ នៅក្នុងកិច្ចប្រជុំបន្ទាន់ ជាមួយប្រធានមន្ទីរផែនការរាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីណែនាំដល់មន្ទីរផែនការ ឱ្យពង្រឹងការអនុវត្តការកំណត់គ្រួសារ គោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់បើកសាច់ប្រាក់ ពីរាជរដ្ឋាភិបាលជាលើកទី២។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍បញ្ជាក់ថា “បន្ទាប់ពីការកំណត់គ្រួសារគោលដៅ ក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេស ក្នុងដំណាក់កាលទី១ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ត្រូវបានបញ្ចប់ និងគ្រួសារគោលដៅទាំងនោះ បានសម្ភាសន៍ជាប់មានចំនួនសរុប ៦១,៦៧៨គ្រួសារ ដែលស្មើនឹងប្រជាជនចំនួន ២០៦,៩៩៨ នាក់ កំពុងបើកប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តទៅ”។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ពីការគិតគូរ និងយកចិត្តទុកដាក់ជាទីបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានអំពាវនាវ ចំពោះប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ដែលមានការលំបាកផ្នែកជីវភាព រស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និង ក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ ក្នុងការទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់ដែលបងប្អូនកំពុងរស់នៅ ដើម្បីសុំការសម្ភាសន៍ និង កំណត់អត្តសញ្ញាណ នៅតាមឃុំ សង្កាត់ ក្នុងរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការ ឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ នៅជំហានបន្ទាប់” ។

តាមរយៈសារផ្តាំផ្ញើរបស់សម្តេចតេជោ ខាងលើ គឺក្រសួងផែនការ បានកំណត់យកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ជាថ្ងៃចុងក្រោយនៃការស្នើសុំរបស់ប្រជាពលរដ្ឋ និងកំណត់ធ្វើការសម្ភាសន៍ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
ផ្អែកលើទិន្នន័យចុងក្រោយ និង ការចុះពិនិត្យជាក់ស្តែង របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានផែនការ និងនាយកដ្ឋាន ឃើញថា ការដាក់ពាក្យស្នើសុំសម្ភាសន៍ សម្រាប់ដំណាក់កាលទី២ នេះ មានការកើនឡើងយ៉ាងគំហុក (ការស្នើសុំលើកទី២នេះ ជាការបំពេញបន្ថែម ឬ ដែលមានការខ្វះខាត ក្នុងពេលអនុវត្តលើកដំបូងតែប៉ុណ្ណោះ) ដែលចំនួនប្រហាក់ប្រហែលលើកទី១ ឬ អាចលើសលើកទី១ នៅថ្ងៃបិទបញ្ចប់ទី១៧ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំដល់ប្រធានមន្ទីរផែនការ រាជធានីខេត្តទាំងអស់ ដើម្បីឱ្យទិន្នន័យច្បាស់លាស់ មានតម្លាភាពសម្រាប់ប្រជាជន និងដើម្បីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកទិន្នន័យនេះ សម្រាប់គណនាថវិកា និងបើកផ្តល់ថវិកា ជូនគ្រួសារដែលបានសម្ភាសន៍ជាប់លើកទី២ ត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ សូមធ្វើការណែនាំដល់គ្រប់មន្ទីរផែនការ ជាពិសេសមន្ទីរផែនការរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រះសីហនុ ដូចខាងក្រោម៖

• ត្រូវសហការ ធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់
• ត្រូវធ្វើការណែនាំពីនីតិវិធី និងលក្ខខណ្ឌរបស់ក្រសួងផែនការ ដល់អាជ្ញាធរមូលដ្ឋាន ឃុំ ស្កាត់ (ការទទួលពាក្យស្នើសុំ និង ការជ្រើសរើសសម្រេចសម្ភាសន៍ មិនមែនចេះតែទទួល និង សម្ភាសន៍ ទាំងអស់) ឱ្យបានច្បាស់លាស់
• សហការ និង ណែនាំយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ពីនីតិវិធី និងលក្ខខណ្ឌរបស់ក្រសួងផែនការ និង ការសម្ភាសន៍ឱ្យបានឆាប់ និង មានតម្លាភាព
• ចុះតាមដាន ត្រួតពិនិត្យជាប្រចាំ ឬចាត់មន្រ្តីប្រចាំការនៅគ្រប់ភូមិសាស្រ្ត ដើម្បីជៀសវាងការសម្ភាសន៍គ្រួសារ មានបណ្ណរួចហើយ និង អ្នកមានបណ្ណ ប.ស.ស. …
• រាយការណ៍ ឬ សុំអន្តរាគមន៍បន្ទាន់ ពីអាជ្ញាធរ ឬ ក្រសួង ក្នុងករណីដែលមានបញ្ហាលើសពីសមត្ថភាពក្នុងការដោះស្រាយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×