ភ្នំពេញ ៖ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយ ការ ព្យាករណ៍ទុកថាវា នឹង ទទួល បាន កំណើន ជិត ៤ភាគរយ ក្នុង ឆ្នាំ ២០២១ បន្ទាប់ ពី រួញទំហំអស់ ៣,១ភាគរយ ក្នុង ឆ្នាំ២០២០។ យ៉ាងណាក្តី ការ រើបឡើងវិញនេះ មានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃ សេដ្ឋកិច្ច ហើយ វាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវ បានដាក់អនុវត្ត ម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។

ធនាគារពិភពលោក បាននិយាយដូច្នេះនៅក្នុង របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច របស់ កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះ ទៅការ រើបឡើងវិញ។
ខណៈដែលវិស័យមួយចំនួន មានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យ កសិកម្ម នៅរក្សា ភាពធន់ បាន គួរសមដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលកម្ពុជានិងចិនបានចុះហត្ថលេខាជាមួយគ្នា។ ផ្នែកឧស្សាហកម្មផលិត ក៏ បាន រើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ អាជីវកម្មបោះដុំ និង លក់រាយ បានប្រឹងរើបឡើងវិញ យឺតៗដែរ នៅពេលដែលសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ។
ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជា ផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និង ផ្នែកដឹកជញ្ជូន នៅតែបន្តរងការ ប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក និង អន្តរជាតិ។ ការវិនិយោគផ្ទាល់ ពីបរទេសនៅតែហូរចូល ឥតដាច់ ព្រមទាំងជួយទ្រទ្រង់ ដល់វិស័យក្រៅប្រទេសផងដែរ។
ទៅមុខទៀត ចក្ខុវិស័យសម្រាប់ កំណើនរបស់កម្ពុជានៅតែប្រឈមនឹង ភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង ល្បឿន នៃ ដំណើររើបឡើងវិញនេះអាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាព របស់វីរុស និងទៅលើល្បឿននៃការ ចាក់ វ៉ាក់សាំងការពារ។ របាយការណ៍ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថា កម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច តាមការព្យាករណ៍ នឹងមានកំណើនតែ ១ភាគរយ ប៉ុណ្ណោះក្នុង ឆ្នាំ ២០២១។

របាយការណ៍បច្ចុប្បន្នភាពនេះផ្តល់ អនុសាសន៍ថា កម្ពុជាគួរតែចាត់វិធានការភ្លាមៗដើម្បីលើកកម្ពស់ភាពជឿជាក់ របស់ ទីផ្សារតាមរយៈការពន្លឿនកម្ម វិធីចាក់វ៉ាក់សាំង ទន្ទឹមគ្នានឹងការ ប្រឹងប្រែងទប់ស្កាត់ការ ឆ្លងវីរុស និងការស្លាប់ឱ្យមាន ប្រសិទ្ធភាពបន្តទៀត។ ដោយសារតែកម្ពុជា នៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋាភិបាលអាចបន្តការគាំទ្រដល់ កម្មវិធី សង្គ្រោះ, ស្តារឡើងវិញនិងកំណើន ដោយធ្វើការកែលម្អ បរិយាកាស ធុរកិច្ចនិង វិនិយោគ, ផ្តល់ កម្មវិធីគាំពារសង្គម និង ជំរុញការវិនិយោគសាធារណៈ និង កំណើនសេដ្ឋកិច្ច ដែលគិតគូរដល់អ្នកក្រីក្រ ដូចជា តាម រយៈគម្រោងផ្តល់សាច់ ប្រាក់ជាថ្នូរ នឹងការងារ (cash-for-work projects) និងគំនិតផ្តួចផ្តើមផ្សេងទៀត។ ដើម្បី រក្សាបានស្ថិរភាពនៃវិស័យ ហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋាភិបាលត្រូវ បន្តតាមដានឱ្យបានដិតដល់ លើភាពងាយរងគ្រោះដែលអាចបណ្តាល មកពីការពុះកញ្ជ្រោល យូរពេករបស់ វិស័យអចលនទ្រព្យ និងការផ្តល់ ឥណទានកាន់តែច្រើនឡើង ចំពោះវិស័យសំណង។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថាៈ “ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជា បាន រងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការ លើសកលលោកដោយ សារ តែ កូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជា បានចាក់ វ៉ាក់សាំងឱ្យមនុស្ស ក្នុងប្រទេស បាន ជាង ៣លាននាក់រួចហើយដែលជាអត្រា ខ្ពស់មួយនៅក្នុងតំបន់។” លោកស្រីបានបន្ថែមទៀតថា៖ “ ធនាគារពិភពលោកនៅតែបន្តធ្វើ ការជាមួយកម្ពុជា ដើម្បីជួយប្រទេសនេះបន្ថែមទៀត ក្នុងការប្រយុទ្ធនឹងការ ឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយ ស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ។”
របាយការណ៍នេះមាន ជំពូកពិសេសមួយពិនិត្យមើលទៅលើ មេរៀនដែលគួររៀនសូត្រ បាន ពីកម្មវិធីអន្តរាគមន៍ផ្នែកសង្គម ដែលកម្ពុជាមិន ត្រឹមតែដាក់ចេញយ៉ាង រហ័សប៉ុណ្ណោះទេ តែថែមទាំងពង្រីកនិងធ្វើ ឱ្យកាន់តែស៊ីជម្រៅទៀតផង ជាពិសេសកម្មវិធី ផ្ទេរសាច់ប្រាក់ទៅឱ្យគ្រួសារក្រីក្រ។ កម្មវិធីផ្ទេរសាច់ប្រាក់នេះត្រូវ បាន បង្កើតឡើងនៅខែមិថុនា ឆ្នាំ ២០២០ ហើយ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ មានគ្រួសារក្រីក្រជាង ៦៨៨ ០០០ គ្រួសារ ឬ ស្មើនឹង ១៩,៥ភាគរយ នៃ ចំនួនផ្ទះគ្រួសារសរុបទូទាំងប្រទេសទទួលបានសាច់ប្រាក់ផ្ទេរពីរដ្ឋាភិបាល។
របាយការណ៍នេះបានរំលេចផងដែរនូវអនុសាសន៍គោលនយោបាយសំខាន់ៗមួយចំនួន សម្រាប់ទ្រទ្រង់ដល់ការរើប ឡើងវិញ របស់សេដ្ឋកិច្ចមានដូចជាការ ដាក់ចេញវិធានការ ជំនួយផ្នែកសង្គមនៅក្រោយដំណាក់កាល រាតត្បាតជំងឺដើម្បី ឆ្លើយតបទៅ នឹងស្ថានការណ៍កន្ត្រាក់ណាមួយតាមរយៈការពង្រីក វិសាលភាពគ្របដណ្តប់ របស់កម្មវិធី IDPoor, ការ រៀបចំបង្កើតមូលដ្ឋានទិន្នន័យមួយសម្រាប់ជនដែលគួរទទួលបានការគាំទ្រ ពីកម្មវិធីសង្គម, និងការធ្វើយ៉ាងណាឱ្យមាន តួអង្គច្រើនសម្រាប់ធ្វើការចែកចាយប្រាក់ឧបត្ថម្ភសង្គមដល់ជនក្រីក្រ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដោយផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍ របស់ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាក្នុងដំណាក់កាលខ្លី និងមធ្យម៕ រក្សាសិទ្ធិដោយ៖CEN