ភ្នំពេញ ៖ កាលពីយប់មិញនេះ មានករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សែនដ៏រន្ធត់ ដោយរថយន្តយីឌុបធុនធំ១គ្រឿង បានបើកបុករថយន្តកាម៉ារីបាឡែនយ៉ាងពេញទំហឹង បណ្តាលឲ្យគ្រួសារមួយត្រូវស្លាប់និងរបួសគួរឲ្យអាសូរបំផុត ដោយក្នុងនោះស្រ្តីម្នាក់ជាប្រពន្ធ ត្រូវគៀបជាប់ស្លាប់ក្នុងកាប៊ីនយ៉ាងអាណោចអាធមបំផុត និងសមាជិកគ្រួសារ ៤ នាក់ទៀត (មានកូនស្រីតូច និងប្តី) រងរបួសធ្ងន់។

ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទី យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ (ត្រង់ចំណុចស្តុបណតប្រ៊ីត បំបែកជាបួនកែងផ្លូវទ្រុងមាន់) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយឡែក បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Ah Ra ដែលត្រូវជាប្អូនបង្កើតជនរងគ្រោះ បានរៀបរាប់ទាំងក្តីសោកសៅក្នុងចិត្តថា៖ «លើកទី១ក្នុងឆាកជីវិត សមាជិកបងប្អូនរងគ្រោះបែបនេះ រន្ធត់ញ័រ អស់ហើយ! អ្នកបើកឡានធំមួយនេះអើយ ហេតុអីគ្មានការទទួលខុសត្រូវ រត់បាត់ក្រោយកើតហេតុ ៥នាក់មួយគ្រួសារ បានស្លាប់ម្នាក់ហើយ ៣នាក់រងគ្រោះធ្ងន់ ម្នាក់ស្រាល ក្មួយប្រុសស្រីខ្ញុំអើយកំព្រាម្តាយតាំងក្មេង សូមវិញ្ញាណក្ខន្ធបងទៅកាន់ទីស្ងប់ ម៉ែន ជីវ៉ា»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា រថយន្ត ជាពិសេសឡានធំៗ នៅពេលយប់ចាប់ពីម៉ោង ៩ ឡើងទៅ គឺគេតែងឃើញបើកសាហាវៗណាស់ ក្នុងនោះមានដូចជាតាមបណ្តោយផ្លូវហាណូយ ផ្លូវបឹងទំពន់ និងផ្លូវ ៦០ ម៉ែត្រ ជាដើម ដែលប្រជាពលរដ្ឋរស់នៅទីនោះតែងប្រាប់ឲ្យប្រុងប្រយ័ត្ន ព្រោះកើតមានគ្រោះថ្នាក់ញឹកញាប់ណាស់ ជាពិសេសគឺបង្កឡើងដោយឡានដឹកដីតែម្តង ដែលបើកយ៉ាងសាហាវៗណាស់ ដោយគ្មានខ្វល់ពីគ្រោះថ្នាក់បង្កឲ្យបាត់បង់ជីវិតគេឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






