ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់ជាមិនខាន ពីអ្នកស្រី ម៉ៅ ស៊ីណាត ដែលជាតារាចម្រៀងស្រីមួយរូប មានទឹកដមសំឡេងមួយបែប តែពិរោះដ៏ក្រអួនក្រអៅ ដែលធ្វើឲ្យទស្សនិកជនស្តាប់មិនចេះជិនណាយនោះឡើយ។

ជាការពិតណាស់ តារាចម្រៀងស្រីដ៏មានឈ្មោះល្បីរូបនេះ អ្នកនាង ម៉ៅ ស៊ីណាត ហាក់ដូចជាស្ងាត់បាត់មុខ ពីសិល្បៈឈឹងតែម្តង ដោយពុំឃើញលេចមុខដូចមុនៗសោះ ជាពិសេសក្នុងមួយរយៈពេលធំមកនេះ ដោយគ្មានមហាជនណាម្នាក់ បានដឹងច្បាស់ទេថា តើតារាចម្រៀងរូបនេះទៅធ្វើអ្វីនោះឡើយ។
តែដោយឡែក ថ្មីៗនេះ អ្នកនាងម៉ៅ ស៊ីណាត បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម និងក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារារូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាពដើរលក់ខោអាវ តាមរថយន្តបែបនេះ។

តាមរយៈរូបភាពប្តូរអាជីពដើរលក់ខោអាវតាមផ្លូវនេះផងដែរ អ្នកនាង ម៉ៅ ស៊ីណាត ក៏បានភ្ជាប់សារត្រៀមទុក ដើម្បីទទួលអ្នកចាំដៀលខ្លួនយ៉ាងដូច្នេះថា៖ «គេអាចឃើញរូបដែលខ្ញុំថតហ្នឹង គេនឹងដៀលខ្ញុំ ហើយក៏ធ្លាប់គេដៀលរួចមកហើយ ទាមិនចេះឡើងទ្រើង អត់ចង់ឡើងទ្រើងមាសនរណាឡើយ (មិនខ្វះ) តែមិនចង់បានទ្រើងមាសគេទេ ចង់បានអ្វីដែលជាខ្លួនឯង ខ្ញុំមិនចង់បានទ្រើងមាស បាយលាយទឹកភ្នែកទេ» ។ ស្របគ្នានោះ អ្នកនាង ម៉ៅ ស៊ីណាត ក៏បានបន្ថែមទៀតថា «អ្វីក៏អាចធ្វើបានលើលែងលួចគេ»។

តែយ៉ាងណា ទន្ទឹមនឹងនោះផងដែរ គេក៏ឃើញអ្នកគាំទ្របានចូលទៅ Comment សរសើរ និង ផ្ដល់កម្លាំងចិត្តយ៉ាងច្រើនព្រោងព្រាតថា៖ «មួយឃ្លានេះចាក់ដោតណាស់បងស្រី ពិតជាល្អខ្លាំងណាស់ ខ្ញុំគាំទ្របង, ស្រឡាញ់ចូលចិត្តបងស្រីណាស់ ជូនពរសុខភាពល្អ លក់ដូរដាច់!, ស៊ូៗម៉ែ, គាំទ្រពេញចិត្តណាស់បង!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








