ភ្នំពេញ ៖ ស្រ្តីជាជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកប្រុសស្រី ៣នាក់ ត្រូវជនរងគ្រោះ ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ (ទម្លាក់យោង) កាលពីវេលម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ វ៉ន ពីង ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ តែជំនាញទម្លាក់ យកទ្រព្យសម្បត្តិ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមាន ឈ្មោះ កែវ ស៊ីវន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីបន្ទប់ជួល ទៅផ្សារក្នុងបុរីសន្តិភាព២ ដើម្បីទិញបន្លែ ត្រីសាច់ និងផ្លែឈើ ពេលទៅដល់ផ្សារ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នាប្រុសស្រី ៣នាក់ ជិះម៉ូតូ ២គ្រឿង មកសំដៅជនរងគ្រោះ និងបានធ្វើសកម្មភាពជ្រុះខ្សែកមាស ក្លែងក្លាយ និងបានមកទះស្មាជនរងគ្រោះរួច អូសទាញឲ្យជនរងគ្រោះ ដោះដូរគ្នា និងព្យាយាមដឹកជនរងគ្រោះ មកដល់ចំណុចកើតហេតុ ដោយជនរងគ្រោះដឹងខ្លួនថា ចាញ់បោកគេក៏ចាប់ស្រវាខ្សែក និងចិញ្ជៀន និងឃាត់ស្រ្តីជាជនសង្ស័យបានម្នាក់ ចំណែកបក្ខពួក ២នាក់ទៀត នាំគ្នាគេចបាត់ស្រមោលអស់ ។

បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម


