Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទាក់ដៃចង្កូត ជាមួយរថយន្តបែនដឹកដី បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត នៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេកជ្រុលទៅទាក់ដៃចង្កូត នឹងរថយន្តបែនដឹកដីពីក្រោយ បណ្តាលឲ្យដួលបោកនឹងថ្នល់អួសជាច្រើនម៉ែត្រ ចូលក្រោមរថយន្តស្ទូច ចតនៅលើចិញ្ចើមផ្លូវ ៥០ម៉ែត្រ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះវី វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូម៉ាក duke ធុនធំពាក់ផ្លាកលេខភ្នំពេញ 1CZ-0003 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងទៀត មិនចាំម៉ាកធ្វើដំណើរស្របទិសនៅពីមុខ ស្រាប់តែជនរងគ្រោះ បានជ្រុលចង្កូតទៅប៉ះពីក្រោយរថយន្តបែនដឹកដី បណ្តាលឲ្យដួលបោកក្បាល នៅនឹងថ្នល់ខ្ទាតចូលក្រោមរថយន្តស្ទូច ចតចោលនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបែនដឹកដីក៏បានបន្តដំណើរទៅមុខបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះមកដល់ និងបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងបានទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីយកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត

×