Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ បង្កើនការកែច្នៃ នាំឱ្យសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួច

spot_img


ភ្នំពេញ ៖ «ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃ ឱ្យបានច្រើនអស់លទ្ធភាព នោះសំណល់សំរាមដែលបោះចោលលើទីលាន នឹងមានបរិមាណតិចតួចប៉ុណ្ណោះ»។ នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងកម្មវិធីប្រគល់និងទទួលទ្រុងសំណាញ់ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពត ដែលជាជំនួយឧបត្ថម្ភ របស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម គឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រង បានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ទ្រុងសម្រាប់ដាក់សំណល់ប្លាស្ទិក ដែលក្រុមហ៊ុនកូកាកូឡា ផ្តល់ជូនរដ្ឋបាលខេត្តកំពតតាមរយៈក្រសួងបរិស្ថាននេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការចូលរួមគ្រប់ គ្រងសំណល់ប្លាស្ទិក មិនឱ្យបោះចោលបែបអនាធិបតេយ្យ និងហូរចូលសមុទ្រ។ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថានបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនកូកាកូឡាដែលតែងតែ ចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យ បរិស្ថានតាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន។ «នេះគឺជាការចូលរួមទទួលខុសត្រូវ របស់ក្រុមហ៊ុនកូកាកូឡាលើវិស័យ បរិស្ថាន»។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានចាត់ទុកទ្រុង ដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុនកូកាកូឡានាពេលនេះ គឺជាដៃគូសហការមួយយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹង ក្នុងទីក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងដូច្នេះ មុននឹងបន្តថា៖ «ការគ្រប់គ្រងសំណល់សំរាមគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការញែកសំរាមតាមប្រភេទច្បាស់លាស់ និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាព នឹងចូលរួមកាត់បន្ថយសំណល់សំរាមដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចថែមទៀតផង»។ ឯកឧត្តមបានថ្លែងថាបច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី ៧០ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០%ប៉ុណ្ណោះដែលបានដកហូតយកទៅកែច្នៃ។ ឯកឧត្តមបានថ្លែងថា ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងគុណភាពបរិស្ថានសម្រាប់ផាសុកភាពរស់នៅរបស់ពលរដ្ឋ ក្រសួងបរិស្ថានតែងតែបានជួយឧបត្ថម្ភ គាំពារទាំងស្មារតីសម្ភារៈបច្ចេកទេសដល់រដ្ឋបាលខេត្ត ក្នុងនោះរួមទាំងខេត្តកំពតផងដែរ។

គួរបញ្ជាក់ថា ទ្រុងសំណាញ់ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹង ដែលមានទំហំ៤ម៉ែត្រគុណនឹង២,៥ម៉ែត្រ និងមានកម្ពស់១,៤ម៉ែត្រ ចំនួន១៦ ទ្រុង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ក្នុងខេត្តកំពត។ ការប្រគល់នេះ បានធ្វើឡើង នៅសួនច្បារមាត់ព្រែកក្នុងសង្កាត់កំពង់កណ្ដាល ក្រោមវត្តមានចូលរួមពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានយកចិត្តទុកដាក់ ហើយបានដាក់ចេញឲ្យអនុវត្ត ក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយ គ្រប់គ្រងសំរាមសំណាល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹង នៅ ទីប្រជុំជនឱ្យ មានប្រសិទ្ធភាព និងមានសុវត្ថិភាព បរិស្ថាន ខណៈអត្រាបរិមានណសំរាម ក្នុងមួយឆ្នាំ ៗមានការកើនឡើងប្រមាណ ១៥%ក្នុងមួយឆ្នាំ។ បច្ចុប្បន្នសំណល់សំរាមដែលបង្កើតឡើងនៅកម្ពុជា មួយថ្ងៃមានចំនួនប្រមាណជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណ ៤ លានតោន។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រសួងបរិស្ថាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈបច្ចេកទេស ដល់រដ្ឋបាលខេត្តកំពត នាពេលកន្លងមក លើវិស័យបរិស្ថាន ពិសេសការគ្រប់គ្រងសំរាមប្លាស្ទិក និងសំណល់រឹងសំណល់រាវ កាត់បន្ថយបានពីការបំពុលបរិស្ថាន និងការប៉ះពាល់ដល់សុខភាព សាធារណៈព្រមទាំងបង្កើតបាននូវអនាម័យសោភ័ណភាព និងភាពទាក់ទាញ បានកាន់តែល្អប្រសើរឡើងសម្រាប់ខេត្តកំពត។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុនកូកាកូឡា ហើយសង្ឃឹមថា ក្រុមហ៊ុននឹងកាន់តែបង្កើនកិច្ចសហការ ជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពត ដល់ពេលបច្ចុប្បន្នដែលរដ្ឋបាលខេត្តកំពត បាននឹងកំពុងយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័នានា ឲ្យបានកាន់តែល្អប្រសើរបន្តថែមទៀត ក្នុងការគាំពារវិស័យបរិស្ថាន និងការគ្រប់គ្រងសំរាម ដើម្បីបរិស្ថានស្អាត និងការលើកកម្ពស់សុខភាពសាធារណៈ ផងដែរ។

លោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)បានមានប្រសាសន៍ថា៖ «ការនាំយកធុងបែងចែកសំរាម ជូនដល់ខេត្តកំពត និងខេត្តកែបនាថ្ងៃនេះ គឺជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមជាសាកល ដែលក្រុមហ៊ុន កូកា-កូឡាបាននិងកំពុងអនុវត្ត។ ប្រសិនបើគ្មានការចូលរួម អនុវត្តពីប្រជាពលរដ្ឋ ការផ្តល់ធុងតែមួយមុខមិនគ្រប់គ្រាន់ទេ ក្នុងការសម្រេចឱ្យបាននូវការបែងចែក សំរាមប្រកបដោយប្រសិទ្ធភាព។ ដូចនេះក្រុមហ៊ុន សូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយចាប់ផ្តើមពីអ្នក!»។

គួរបញ្ជាក់ថាក្រុមហ៊ុនកូកា-កូឡា បាននិងកំពុងអនុវត្តគោលដៅនិរន្តរភាព ក្នុងការប្រមូល និងកែច្នៃសំបកវេចខ្ចប់ឱ្យស្មើ១០០% នៃចំនួនសំបកវេចខ្ចប់ ដែលយើងលក់នៅលើទីផ្សារ ទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ គោលដៅនិរន្តរភាពនេះ ហៅថា« ពិភពលោកគ្មានសំរាម (WWW-World Without Waste)»៕ រក្សាសិទ្ធិដោយ: ចេស្តារ

spot_img
×