Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអាហ្រ្គីប៊ី និងសហភាពសហគមន៍កសិកម្មបាត់ដំបង ចុះកិច្ចសន្យា ផ្គត់ផ្គង់ដំណាំស្រូវ តាមស្តង់ដាដើម្បីជួយដល់ទីផ្សារស្រូវអង្ករ

spot_img

ខេត្តបាត់ដំបង ៖ កិច្ចសន្យានេះ នឹងជួយរកទីផ្សារស្រូវជូនប្រជាកសិករ ខណៈដែលការងារបង្កបង្កើនផលស្រូវរបស់ពួកគាត់ កំពុងមមាញឹក នាដើមរដូវវស្សានេះ។
ពិធីចុះអនុស្សរណៈនៃការយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវ តាមស្តង់ដាផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព SRP រវាងសហភាពសហគមន៍កសិកម្មបាត់ដំបង និងក្រុមហ៊ុនអាហ្រ្គីប៊ី ខេមបូឌា ធ្វើឡើងដោយមានការផ្តួចផ្តើម ពីមន្ទីរកសិកម្មខេត្តបាត់ដំបង ក្រោមការគាំទ្រដោយកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា WAT 4 CAM ដំណាក់កាលទី១ នៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២១។

លោក ឡុង ផន អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា គោលបំណងនៃការចុះកិច្ចសន្យានេះ ដើម្បីជួយរកទីផ្សារជូនកសិករ ដែលកន្លងមកប្រជាកសិករតែងតែជួបប្រទះ ក្នុងពេលប្រមូលផលតម្លៃទីផ្សារមានការឡើងចុះប្រែប្រួលខ្លាំង ហើយដើម្បីជួយដល់ទីផ្សារស្រូវអង្ករនេះ ក្រសួង ក៏ដូចជាជាមន្ទីរកសិកម្មខេត្តបាត់ដំបង បានធ្វើកិច្ចសន្យានេះ ដើម្បីជួយទីផ្សារដល់កសិករនិងក្រុមហ៊ុនឲ្យមាននិរន្តរភាព ក្នុងការធ្វើអាជីវកម្មផលិតផលកសិកម្ម មកវិនិយោគឲ្យកាន់តែច្រើន និងជួយកសិករឲ្យមានចំណូលកាន់តែខ្ពស់ផងដែរ ។

ដោយឡែក លោកបណ្ឌិត សេង វ៉ាង តំណាងឱ្យសហភាពសហគមន៍កសិកម្មបាត់ដំបង បានចាត់ទុកថា នេះ គឺជាកំណត់ត្រាថ្មី ដែលសហភាពបានចាប់ដៃគូរជាមួយក្រុមហ៊ុនអាហ្រ្គីប៊ី ក្នុងការផលិត និងផ្គត់ផ្គង់ស្រូវតាមស្តង់ដារស្រូវ SRP លើស្រូវក្រអូប ដូចជាស្រូវផ្ការំដួល និងសែនក្រអូប ក្នុងរដូវកាលដាំដុះ ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង និងកិច្ចសន្យាផលិតកសិកម្ម រវាងក្រុមហ៊ុនអាហ្រ្គីប៊ី និងសហភាពសហគមន៍កសិកម្មបាត់ដំបង រួមទាំងសហគមន៍ចំនួន៩ ដែលជាសមាជិក បានចុះហត្ថលេខានាពេលនេះ នឹងអនុញ្ញាតឱ្យកសិករចំនួន២៥០នាក់ ជាសមាជិកសហភាពសហគមន៍កសិកម្មបាត់ដំបង លក់ស្រូវរបស់ពួកគាត់ចំនួន ៣ ៨០០តោន ដែលផលិតតាមគោលការណ៍និរន្តរភាព ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ដោយផ្អែកលើតម្លៃថេរនៅក្នុងកិច្ចសន្យា ហើយកិច្ចព្រមព្រៀងនេះ នឹងបង្កើនប្រាក់ចំណូលបន្ថែម ចំនួនជាង ១៤៧លានរៀល សម្រាប់ផលិតករ ដែលជាសមាជិករបស់សហភាពសហគមន៍កសិកម្មបាត់ដំបង។ នេះបើយោងតាម តំណាងសហភាពសហគមន៍កសិកម្មបាត់ដំបង ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×