Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកអន្តោប្រវេសន៍ ស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាម បំពេញបែបបទ បញ្ជូនជនជាតិវៀតណាម រស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ទៅស្រុកកំណើរវិញឲ្យបានឆាប់

spot_img

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើឲ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាម រស់នៅខុសច្បាប់ ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលស្វាគមន៍ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជួបសម្តែងការគួរសម ពិភាក្សាការងារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត Vu Quang Minh បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ ។

ជាការឆ្លើយតប ឆ្លៀតនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណផងដែរ ដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ:ទប់ស្កាត់ជម្ងឺ Covid-19 ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានជម្រាបជូនថានឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។
ជាមួយគ្នានេះដែរ ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ “ក៏បានស្នើឲ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះ ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់”។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ដែរថា “កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមានមិនដែលមានការរើសអើងឡើយ”៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×