Friday, June 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ទឹកភ្នែកពុំជាប់ទេ ! កូនប្រុសម្នាក់ ដ៏មហាសំណាង រួចផុតពីហេតុការណ៍ដ៏រន្ធត់ រៀបរាប់ពីអារម្មណ៍មួយនេះ ពេលបាត់បង់ម្តាយ រីឯឪពុក ប្អូនស្រីតូចក៏មិនដឹងជាយ៉ាងណា…

ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ េវលាម៉ោង ១១ និង ៣០ នាទី មានករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ សែនដ៏រន្ធត់បំផុត បានកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ (ត្រង់ចំណុចស្តុបណតប្រ៊ីត បំបែកជាបួនកែងផ្លូវទ្រុងមាន់) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរថយន្តយីឌុបធុនធំ១គ្រឿង បានបើកបុករថយន្តកាម៉ារីបាឡែនយ៉ាងពេញទំហឹង បណ្តាលឲ្យគ្រួសារមួយត្រូវស្លាប់ និងរបួសគួរឲ្យអាសូរបំផុត ដោយក្នុងនោះស្រ្តីម្នាក់ជាប្រពន្ធ ត្រូវគៀបជាប់ស្លាប់ ក្នុងកាប៊ីនយ៉ាងអាណោចអាធ័មបំផុត និងសមាជិកគ្រួសារ ៤ នាក់ទៀត រងរបួសធ្ងន់-ស្រាល ក្នុងនោះ (មានកូនស្រីតូចម្នាក់ និងបុរសជាឪពុក) រងរបួសធ្ងន់ និងកូនប្រុសម្នាក់ទៀត ត្រូវចាត់ទុកជាមហាសំណាង ដែលរងរបួសស្រាល។

ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Solika Bun ដែលត្រូវជាសាច់ញាតិ បានរៀបរាប់ពីស្ថានភាព របស់ជនរងគ្រោះជាកូនស្រី និងបុរសជាឪពុក នៅពេលនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងក៏ដូចបញ្ជាក់ពីអារម្មណ៍ខ្វាយខ្វល់ច្រើន របស់ក្មេងប្រុសដែលរួចផុតពីគ្រោះថ្នាក់ នៅពេលដឹងថា បាត់បង់ម្តាយ រីឯឪពុកក៏មិនដឹងជាយ៉ាងណា ដែលមានខ្លឹមសាររៀបរាប់ក្តីក្តុកក្តុកថា មហាសំណាងក្នុងចំណោមសមាជិក ៥ នាក់ ! ជីវិតអូនថ្លៃមែនអូនអេីយ !!! បងធ្លាប់តែឃេីញគេឥឡូវជួបផ្ទាល់ ពួកគាត់ត្រូវជាសាច់ញាត្តិ ហេីយនៅផ្ទះជិតគ្នាស្រាប់ ស្រណោះណាស់ គ្មានអ្នកណាត្រូវទៅរកចេះរួចខ្លួនម្នាក់ឯង នឹកឃេីញហៅឡានពេទ្យ មករកអ្នកផ្ទះបងឈរចាំខាងមុខ ទាំងខ្លួនគ្មានសល់អ្វីសោះ អាវមួយក៏គ្មានព្រោះប្រឡាក់ឈាមជោក បេីកទ្វារឃេីញស្លុតចិត្តណាស់ ឡានមួយគ្រួសារ ត្រូវគ្រោះថ្នាក់រងរបួសធ្ងន់ ទាំងអស់ ចំណែកឯម្តាយបានបាត់បង់ជីវិតភ្លាមៗ កាលពីយប់មិញ ដោយកៀបជាប់នៅនឹងឡានតែម្តង គេយកសពទៅទុកចោលនៅវត្តម្នាក់ឯង ឯប៉ានៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ជាមួយប្អូនស្រីទេីបអាយុ ៦ឆ្នាំ ត្រូវរបួសធ្ងន់ប្រេះលលាដ៏ក្បាល ឈាមកកក្នុងខួរក្បាល ភ្នែកខូចម្ខាង ហេីយអស់សួតមួយជំហាងទៀត ពេទ្យប្រាប់មកថាប៉ាគាត់មានសង្ឃឹម ៣០-៤០% ប៉ុណ្ណោះ បេីសិនជាសង្គ្រោះបានមានជីវិត ក៏អាចក្លាយជាមនុស្សរុក្ខជាតិ ហេីយគាត់មិនទាន់ដឹងថាប្រពន្ធគាត់ស្លាប់ទេ សូមពូរឹងមាំឡេីងកូនៗ កំពុងត្រូវការពូ ឯកូនស្រី វិញមានសង្ឃឹមច្រេីន តែស្ថិតក្នុងការព្យាបាលផ្នែកក្បាលដូចគ្នា។

ម្ចាស់គណនីខាងលើបន្តថា មានអ៊ុំស្រីម្នាក់ទៀតរងរបួសខ្លាំងគួរសម… ចំណែកប្អូនប្រុសក្នុងរូបនេះ គ្រាន់តែខ្ទាតអំបែងកញ្ចក់ឡានត្រូវស្បែក ហេីយជាំកន្លែងខ្លះបន្តិចបន្តួច ឥឡូវនេះស្នាក់នៅផ្ទះខ្ញុំបណ្តោះអាសន្ន មានការមេីលថែទាំយ៉ាងកក់ក្តៅ សូមវិញ្ញាណក្ខន្ធ មីងកុំបារម្ភកូនអី សូមមីងទៅឲ្យបានស្ងប់សុខចុះ សូមកុំឲ្យប្អូនកំព្រាម្តាយទាំងក្មេង ហេីយត្រូវបាត់បង់ឱពុកជាទីស្រឡាញ់ម្នាក់ទៀត គ្នាក្មេងមិនទាន់ដឹងអីសោះ មកយប់មិញម៉ោង ៣ទេីបបានគេង ហេីយនៅខ្វាយខ្វល់ រឿងបាត់ទូរស័ព្ទខ្លាចមិនបានរៀន online ស្អែក ខ្លាចប្រឡងធ្លាក់ ហេីយពេលប្រាប់ថា “ម៉ាក់ អូនស្លាប់ហេីយណា” គាត់ឆ្លេីយមកមួយៗថា “ចុឹង ម៉ាក់ខ្ញុំស្លាប់ហេីយហ៎ ខ្ញុំដឹងតែនៅម្នាក់ឯងហេីយ… ខ្ញុំខំធ្វេីបុណ្យចែកអ្នកសុំទៀនសុឹងអី ម៉េចនៅតែជួបរឿងអញ្ចឹង… កាលម៉ាក់នៅរកលុយបានគាត់ចាយតែលុយរាយៗទេ គាត់ទុកក្រដាសដុំសន្សំទុករកសុី… ខ្ញុំដាច់ស្បែកជេីងយូរ ហេីយម៉ាក់ទេីបទិញឲ្យពាក់បាន១ថ្ងៃ ឥឡូវដាច់បាត់ទៀត អាណិតពាក្យគាត់និយាយណាស់ សូម្បីតែទៅចូលរួមបុណ្យ និងទៅមេីលម្តាយជាលេីកចុងក្រោយ មិនបានទៅផង ដោយសារសពយកទៅធ្វេីបុណ្យនៅកំពត ហេីយនៅតំបន់នោះផ្ទុះ covid ពេក ហុឹមឮថាព្រឹកមិញ លួចទៅអង្គុយយំម្នាក់ឯង ហេីយប៉ាខ្ញុំប្រាប់ថាកូនប្រុសមិនត្រូវយំទេ ទេីបឆ្លេីយមកថា «បាទ» តេីជីវិតប្អូននឹងត្រូវជួបបែបណាទៅ។

ដោយសារករណីនេះ ត្រូវឆ្លងការវះកាត់អស់ច្រេីន ហេតុនេះនាងក៏សូមអំពាវនាវ ទៅដល់បងប្អូនណាមានចិត្តអាណិត ដល់ក្រុមគ្រួសារគាត់ ក៏ដូចជាអ្នកស្គាល់ ជាពិសេសសិស្សៗ នៃសាលាសាមគ្គីទាំងអស់ ដែលពូ គង់ ពីឡុត ជាគ្រូនៅទីនោះ មេត្តាជួយគាត់តាមសទ្ធារបស់អ្នកទាំងអស់គ្នា ក៏ដូចជាបានជួយឲ្យកូនៗរបស់គាត់មានក្តីសង្ឃឹម សម្រាប់អនាគត តទៅមុខទៀត! អាចទំនាក់ទំនងមកលេខទូរស័ព្ទនាងខ្ញុំផ្ទាល់ 010333678 ឫក៏តាម ABA លេខដដែល និងខាងសេវាផ្ញេីប្រាក់ផ្សេងៗបាន សូមអរគុណទុកជាមុនសម្រាប់សណ្តានចិត្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×