ភ្នំពេញ ៖ ពិតជាមិនធម្មតា មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបុរសម្នាក់ធ្វើដល់ជាឧកញ៉ា គឺលោក ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន ដើម្បីសួរនាំពីដំណើរឿងឆបោក តាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ ឈ្មោះ ចាន់ ធូ រស់នៅ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។

លោក ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានឃាត់ខ្លួន នៅក្នុងហាងការហ្វេ និងភោជនីយដ្ឋាន ធីមកាហ្វេ TEAM (TEAM Coffee and Restaurant ) តាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ គឺពាក់ព័ន្ធនឹងរឿងស្ត្រីម្នាក់ចោទប្រកាន់អំពីការឆបោកនេះឯង។
តាមពាក្យបណ្តឹងរបស់ស្ត្រី ឈ្មោះ ចាន់ ធូ ដែលបានប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះប្រាក់ ប្រាកដ បាននិយាយធានារត់ការផ្ទេរ ឈ្មោះតួនាទីប្តី របស់នាង ឈ្មោះ អេង អូន ចេញពីក្របខ័ណ្ឌកងទ័ព ទៅជាក្របខ័ណ្ឌនគរបាលជាតិវិញ ដើម្បីធ្វើជាស្នងការរងខេត្តព្រះសីហនុ ដោយទារប្រាក់ថ្លៃរត់ការ ៣០ម៉ឺនដុល្លា។ ដោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយចំនួន ១០ម៉ឺនដុល្លារ រង់ចាំផ្ទេរឈ្មោះ និងតួនាទី ដែលព្រមព្រៀងថា ” មានតួនាទីជា ស្នងការរងជាផ្លូវការ ” ទើបប្រគល់លុយថែម ២០ម៉ឺនដុល្លារទៀត។

តាមពាក្យបណ្តឹងដដែល បានឲ្យដឹងថា ក្រោយទទួលបានលុយសន្យាធារារត់ការផ្ទេរឈ្មោះ និងតួនាទីរួចហើយ, ឈ្មោះ ប្រាក់ ប្រាកដ ដែលត្រូវបានគេស្គាល់ថាជាឧកញ៉ាផងដែរនោះ ពុំបានធ្វើតាមការសន្យានោះទេ ហើយបានប្រើលេសមិនចេះចប់មិនចេះហើយ គេចវេស មិនលើកទូរស័ព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន។
ដោយសារឆបោកបែបនេះហើយ ទើបអ្នកស្រី ចាន់ ធូ សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការ រហូតឈានដល់ការឃាត់ខ្លួនឈ្មោះ ប្រាក់ ប្រាកដ ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







