Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនប៉ូលិសក្លែងក្លាយ៤នាក់ អុកឡុកប្រជាពលរដ្ឋនៅពេលរាត្រី

ភ្នំពេញ​ ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានប្រាប់អង្គភាពCEN នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃវែង បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន៤នាក់ ដែលបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ជិះរថយន្តអត់ផ្លាកលេខដើរអុកឡុកប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ ខណៈពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃវែង បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យ ដែលគ្រោងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងមានការសម្គាល់នគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងមានពាក់ឋានន្តរស័ក្តិសុទ្ធ តែវរសេនីយ៍ទោ និងវរសេនីយ៍ត្រី ដោយមានការសង្ស័យ ទើបកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ព្រៃវែង ចូលទៅសួរនាំតែជនសង្ស័យទាំងនេះ មិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយ ថែមទាំងអង្គុយចុចទូរស័ព្ទ ហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋាន សូម្បីតែមួយមាត់។

បន្ទាប់ពីមានករណីខាងលើនេះ បានកើតឡើងក្នុងមូលដ្ឋានខណ្ឌដង្កោ រួចមក លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានរាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍ដោយសារតែជនសង្ស័យ ស្លៀកពាក់ឯកសណ្ឋាន និងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិផង ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោ ពិបាកនឹងធ្វើការបន្តិច បន្ទាប់ពីទទួលបានបទបញ្ជា ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោ បើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ឯកសណ្ឋាននគរបាលជាតិ និងកាតសម្គាល់ខ្លួន របស់ជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌដង្កោ បានប្រគល់ជនសង្ស័យទាំង៤នាក់ខាងលើ ទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម

×