ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា គ.ស ២០២១ នគរ និងប្រជារាស្រ្តកម្ពុជាប្រារព្ធយ៉ាងមហោឡារិកនូវព្រះរាជពិធី ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរដែលប្រជារាស្រ្តកម្ពុជា ហៅលោកដោយសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ និងទុកជាទីសក្ការៈបំផុតថា “ ហ្លូងម៉ែៗ ” ។

ហ្លួងម៉ែ ប្រសូតិនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ដូច្នេះនៅឆ្នាំ២០២១នេះ ព្រះអង្គមានព្រះជន្មាយុគម្រប់៨៥ យាងចូល ៨៦ព្រះវស្សាហើយ បិតារបស់ព្រះអង្គ គឺ លោក Jean Francois IZZI បុរសបារាំងកាត់អ៊ីតាលី មានរូបរាងស្រឡះខ្ពស់សង្ហា ចេញពីត្រកូលអភិជនដ៏សែនស្តុកស្តម្ភ ដោយសម្បត្តិទ្រព្យផង និងដោយតម្រេះវិជ្ជាផ្លូវលោក និងកាន់ការងារជានាយកកិច្ចការឋានៈលេខាសុរិយោដី និងជានាយមន្ទីរឲ្យចងការប្រាក់នៃឥណ្ឌូចិន ហើយមាតារបស់លោក គឺ ចៅឃុន ប៉ុមពាង សែស្រឡាយរាជវង្សានុវង្ស ប្រកបដោយរូបឆោមលោមពណ៌ និងចរិតឬកពាសមរម្យ ថ្លៃថ្នូរ ខ្ពង់ខ្ពស់ បានជាទីប្រតិព័ទ្ធនៃបុរសបស្ចិមលោក គឺប៉ាៗរបស់ហ្លួងម៉ែ។
ហ្លួងម៉ែ មានរូបឆោមលោមពណ៌ដ៏ល្អល្អះសឹងគ្មានស្ត្រីណាប្រៀបផ្ទឹមបាន មិនត្រឹមតែប៉ុណ្ណោះសោត ព្រះអង្គមាននូវបញ្ញាស្មារតីឈ្លាសវៃឆ្លាតសឹងតែលើសប៉ាៗរបស់ព្រះអង្គ , រូបឆោមលោមពណ៌ តម្រេះវិជ្ជា ភាសាបារាំង អង់គ្លេស ព្រមទាំងភាសាជាតិមាតា គឺភាសាខ្មែរនោះផង និងព្រះចរិតពូជពង្សកំណើតដ៏សប្បុរសករុណា ខ្ពង់ខ្ពស់ ថ្លៃថ្នូរ បាននាំព្រះអង្គមកកាន់ព្រះឋានៈជាមហេសីជាទីសព្វព្រះទ័យបំផុតនៃសម្តេច ព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃនគរកម្ពុជា។

យោងតាមសៀវភៅ The Royal House of Cambodia ឬព្រះញាតិវង្សានុវង្សកម្ពុជា និពន្ធ និងចងក្រងដោយលោក JULIO A. JELDRES “ កាលវេលាដែលកញ្ញា Paule Monique Izzi ដែលក្រោយមកជាអ្នកម្នាងម៉ូនិក និងដែលសព្វថ្ងៃគឺ ហ្លួងម៉ែ បានស្គាល់ព្រះភ័ក្រ្ត សម្តេច ព្រះនរោត្តម សីហនុ ដំបូងៗនោះ គឺជាកាលវេលា នៃការប្រកួតសម្ផស្សបវរកញ្ញា ដែលរៀបចំឡើងដោយការិយាល័យ UNESCO នៅរាជធានីខ្មែរ ” តាំងពីនៅជាសិស្សនៃវិទ្យាល័យ ដេកាត រហូតដល់មានព្រះឋានៈជាអ្នកម្នាង ជាព្រះមហេសី ជាព្រះជាយា ជាព្រះរាជអគ្គមហេសី ជាសម្តេចព្រះមហាក្សត្រី ហ្លួងម៉ែ បានធ្វើព្រះពលិកម្មដ៏ច្រើនសម្បើមពេកក្រៃកន្លង ក្នុងការបម្រើប្រជាជាតិកម្ពុជា នគរកម្ពុជា ដោយលោកមានព្រះសន្តានហឫទ័យស្រឡាញ់ប្រោសប្រណីករុណា មាតុភូមិកម្ពុជារបស់លោក។

ហ្លួងម៉ែ ក្នុងព្រះឋានៈជាមហេសីនៃសម្តេចព្រះប្រមុខរដ្ឋ បាននៅនែបនិត្យលំអុតលំឱនបម្រើព្រះស្វាមីក្នុងព្រះរាជកិច្ច ក្នុងព្រះរាជពិធីការថ្នាក់ជាតិ ថ្នាក់អន្តរជាតិ ចូលទៅក្នុងជំនុំចំណោមឥស្សរជនពិភពលោក នាំមកនូវកិត្តិយសសេចក្តីថ្លៃថ្នូរ និងប្រយោជន៍ដល់ សេដ្ឋកិច្ច សង្គមជាតិ បានយ៉ាងច្រើនសម្បើមណាស់ មានជាអាទិ៍ មន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្សី វិទ្យាស្ថានបច្ចេកវិជ្ជា ផ្លូវជាតិលេខ៤ ។ល។ ដែលខ្មែរយើងនាសម័យតេជោហ៊ុន សែន សន្តិភាពនៅប្រើប្រាស់បានជាប្រយោជន៍ដ៏ធំសម្បើមដល់ជាតិយើង។

អ្នកម្នាងម៉ូនិក ក្នុងព្រះឋានៈជាប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា ពីឆ្នាំ១៩៦១ ដល់ ឆ្នាំ១៩៧០ និងហ្លួងម៉ែក្នុងព្រះឋានៈជាព្រះប្រធានកិត្តិយសនៃ កាកបាទក្រហមកម្ពុជា ដែលបច្ចុប្បន្នមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានយកអស់ព្រះរាជកាយពល និងព្រះរាជហឫទ័យជួយដល់ប្រជារាស្រ្តតូចតាច ជាពិសេស ជនដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ បានជាទីកក់ក្តៅដល់ប្រជារាស្រ្តរបស់លោក ប្រៀបបានទៅនឹងការឈឺឆ្អាលថ្នាក់ថ្នមនៃម្តាយបង្កើត ពេលកូនៗ ចៅៗ ជួបគ្រោះភ័យម្តងៗ។

នៅក្នុងព្រះរាជដំណើរនៃព្រះជន្មាយុរបស់លោកដែលធ្លាប់បានរស់នៅនិរទេសព្រះកាយចេញពីព្រះនគរជាមួយនឹងព្រះស្វាមី ក្រោយថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ហ្លួងម៉ែ ធ្លាប់មានព្រះសុវណ្ណនីយ៍ ដែលគេចាត់ទុកបានថា ជាព្រះសុវណ្ណនីយ៍ភ្ជាប់នឹងព្រះរាជសកម្មភាព ដែលជាព្រះរាជគុណូបការៈដ៏ធំក្រៃលែងជូនមាតុភូមិកម្ពុជារបស់ព្រះអង្គ “ពីអតីតកាលទូលព្រះបង្គំ ខ្ញុំព្រះករុណា ពុំមានជីវិតទាក់ទិននឹងកិច្ចការនយោបាយអ្វីសោះ ខ្ញុំបារម្ភ និងយកព្រះទ័យទុកដាក់តែនឹងកិច្ចការកាកបាទក្រហមតែប៉ុណ្ណោះក្នុងឋានៈជាមហេសីនៃសម្តេចព្រះប្រមុខរដ្ឋ”។

ហ្លួងម៉ែ ក្នុងព្រះនាមជាព្រះមាតាបង្កើតនៃព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានបីបាច់ថែរក្សាព្រះរាជបុត្របង្កើតអង្គនេះ បានយ៉ាងល្អប្រពៃថ្លៃថ្លា ឧត្តុង្គឧត្តមណាស់ ហើយព្រះរាជកិច្ចខិតខំបំរើព្រះនគរ និងប្រជារាស្រ្តរបស់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងនាសព្វថ្ងៃនេះ ក៏អាចរាប់បានថា ការនាំឧត្តមប្រយោជន៍ជូនជាតិកម្ពុជាក្នុងការគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ សីហមុនី តាំងពីថ្ងៃ ២៩ ខែតុលា ឆ្នាំ២០០៤ រហូតដល់សព្វថ្ងៃ និង ទៅថ្ងៃមុខទៀត ក៏អាចរាប់បានថា នោះគឺជា “ព្រះគុណូបការៈរបស់ហ្លួងម៉ែចំពោះនគរ និងប្រជារាស្រ្ត” របស់ព្រះអង្គយ៉ាងប្រាកដ។

ហ្លួងម៉ែ មុនិនាថ សីហនុ ស័ក្ត័សមជាទីបំផុតក្នុងការទទួលបានពីព្រះស្វាមីរបស់ព្រះអង្គ នរោត្តម សីហនុ នូវព្រះរាជចំណេះជា អក្សរ ភាសា អង់គ្លេស និងបារាំង ដោយព្រះអង្គមានព្រះរាជទេពកោសល្យពីព្រះកំណើតក្នុងកិច្ចការបម្រើពិធីការអន្តរជាតិ ថ្វាយព្រះស្វាមីសម្រាប់ជាប្រយោជន៍ដល់នគរ ជាព្រះរាជចំណេះលើរូបថតស្វាមីភរិយាដ៏អស្ចារ្យលើលោកយើង ៖

“To my wife the only true love of my life” ដែលយើងប្រែសង្ខេបយ៉ាងខ្លីមកជាខេមរភាសាថា “ព្រះមហេសីបណ្តូលចិត្តបង អ្ហើយ! មានតែអូនមួយគត់ដែលស្ថិតក្នុងក្រអៅបេះដូងបង”។ ព្រះរាជគុណូបការៈហ្លួងម៉ែចំពោះនគរ និងប្រជារាស្រ្តកម្ពុជាសែនធំធេងដូចមហាសមុទ្រធំធេងវែងអន្លាយត្រើយត្រាណនៅឯនាយជាប់នឹងជើងមេឃ យើងជាប្រជារាស្រ្តកម្ពុជារាប់លាន និងជំនាន់ក្រោយៗទៀត ត្រូវបំពេញកាតព្វកិច្ចជាប្រជារាស្រ្តល្អតបស្នងសងគុណព្រះរាជគុណូបការៈព្រះអង្គដោយការពារឲ្យបាននូវតម្លៃជាគំរូវីរភាពនៃស្ត្រីខ្មែរ ការពារព្រះរាជាណាចក្រ ជាតិសាសនា និងព្រះមហាក្សត្រ យើងជាព្រះរាជបុត្របង្កើតនៃព្រះអង្គ ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយចុះ!។

ទូលព្រះបង្គំ យើងខ្ញុំសូមលំអោនកាយប្រណម្យអជ្ជលី ក្រាបថ្វាយបង្គំ សូមបារមីនៃវត្ថុស័ក្ត័សិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាប្រទានពរជ័យចំពោះ ហ្លួងម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុ នាថ្ងៃ ១៨ មិថុនា ២០២១ សូមព្រះអង្គប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុជាងរយព្រះវស្សា គង់ជាម្លប់ដ៏ត្រជាក់ត្រជំ ជាពិសេស ដល់ព្រះរាជបុត្រព្រះមហាក្សត្រ និងប្រជារាស្រ្តកម្ពុជាទូទាំងនគរ និងនៅគ្រប់ទិសទីលើលោកយើង៕ រក្សាសិទ្ធិដោយ៖ មជ្ឈមណ្ឌលព័ត៌មាន CEN