ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ថា ពាក់ព័ន្ធការចាប់ខ្លួនយុវជន ៣នាក់ ដែលអះអាងថា ជាសកម្មជនបរិស្ថាន ឬក៏ជាសកម្មជនមាតាធម្មជាតិ ប៉ុន្មានថ្ងៃកន្លងមកនេះ គឺផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត ប្រមូលភស្តុតាង ឯកសារសំណុំរឿង និងភស្តុតាងផ្សេងៗទៀត បានបង្ហាញថា “ពួកក្រុមនេះ បានធ្វើសកម្មភាពមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឲ្យធ្វើសកម្មភាព បានន័យថា បានដាក់ចេញនូវផែនការសកម្មភាព ដើម្បីចាត់តាំងអនុវត្តធ្វើប្រតិបត្តិការ”។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា សមត្ថកិច្ចបានរកឃើញថា ទី១. ក្រុមនេះ ជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានបញ្ជាពីក្រោយ ដោយជនបរទេសឈ្មោះ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជនជាតិអេស្បាញ។ ទី២. សមត្ថកិច្ចបានប្រមូលនិងរកឃើញថា គ្រប់សកម្មភាពរបស់ពួកគេ គេយកឈ្មោះជ្រកក្រោមស្លាកការពារបរិស្ថាន តែដើម្បីបន្លំធ្វើសកម្មភាព ប្រមូលយកព័ត៌មានបញ្ហាផ្សេងៗ ធ្វើជាលេសដើម្បីធ្វើជាឈ្នាន់ ឬក៏ជាមូលហេតុញុះញង់ ដល់ប្រជាពលរដ្ឋដល់សាធារណៈជន ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាល។ ទី៣. ក្រុមនេះធ្វើសកម្មភាព បានដោយសារតែការផ្តល់ ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធជាមួយនិងហិរញ្ញប្បទានភេរវកម្ម ដែលផ្គត់ផ្គង់ដោយមេខ្លោងរបស់គេជនបរទេស។ ដូច្នេះហេតុផលទាំងបីនេះ ធ្វើឲ្យសមត្ថកិច្ចកសាងសំណុំរឿង និងចាប់ខ្លួនពួកទាំងនេះដើម្បីផ្តន្ទាទោសតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ការធ្វើសកម្មភាពកន្លងមកនេះ សុទ្ធតែមានផែនដាកចង្អុលដឹកនាំច្បាស់លាស់ មានមេបញ្ជាការជនជាតិបរទេស នៅក្រៅប្រទេស។

សូមជម្រាបថា យុវជនចំនួនបីនាក់ ដែលអះអាងថា ជាសកម្មជនបរិស្ថាន ឬក៏ជាសកម្មជនមាតាធម្មជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងរាជធានីភ្នំពេញ។ យុវជនទាំងបីនាក់មានដូចជាៈ ១-ឈ្មោះ លី ច័ន្ទដារ៉ាវុត , ២-កញ្ញា ស៊ុន រដ្ឋា និង៣- ឈ្មោះ យីម លាងហ៊ី៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

