ភ្នំពេញ ៖ រថយន្តបែន១គ្រឿង បានបើកបរក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកែង បត់ខ្លាំងពេកបណ្ដាលឲ្យក្រឡាប់ សង្កត់លើម៉ូតូ១គ្រឿង ព្រមទាំងកន្លែងលក់ដូរ បណ្ដាលឲ្យរងការខូចខាតទូទឹកអំពៅ និងទូលក់នំបុ័ងសាច់ តែជាសំណាងពុំមានអ្នករងរបួសឬស្លាប់ឡើយ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង កែងផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះ ម៉ាកនីសាន់ ពណ៌សលាយទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 3A-1178 បើកបរដោយបុរសម្នាក់ ហើយនៅមុនពេលកើតហេតុ គេបានឃើញរថយន្តនេះ បើកបរលឿនក្នុងទិសដៅពីត្បូងទៅជើង។ ពេលទៅដល់ចំណុចកើតហេតុ បានបត់ឆ្វេងឡាកួរ ចូលទៅតាមផ្លូវបេតុង វត្តគោកខ្សាច់យ៉ាងបង្ខំ ទើបក្រឡាប់សង្កត់ម៉ូតូ១គ្រឿង និចាក់ដីចោលសង្កត់លើទូទឹកអំពៅ និងទូលក់នំបុ័ងសាច់ បណ្ដាលឲ្យរងការខូចខាត។ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានចុះទៅពិនិត្យមើលជាក់ស្ដែង រួចឲ្យភាគីទាំងអស់ សម្រួលគ្នាបញ្ចប់រឿង នៅនឹងកន្លែង៕ រក្សាសិទ្ធិដោយ៖សួង សាម






