ភ្នំពេញ ៖ សូមរម្លឹកឡើងវិញបន្តិចថា កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ េវលាម៉ោង ១១ និង ៣០ នាទី មានករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ សែនដ៏រន្ធត់បំផុតមួយ បានកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ (ត្រង់ចំណុចស្តុបណតប្រ៊ីត បំបែកជាបួនកែងផ្លូវទ្រុងមាន់) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរថយន្តយីឌុបធុនធំ១គ្រឿង បានបើកបុករថយន្តកាម៉ារីបាឡែនយ៉ាងពេញទំហឹង បណ្តាលឲ្យគ្រួសារមួយ ត្រូវស្លាប់និងរបួសគួរឲ្យអាសូរបំផុត ដោយក្នុងនោះស្រ្តីម្នាក់ជាប្រពន្ធ ត្រូវគៀបជាប់ស្លាប់ក្នុងកាប៊ីនយ៉ាងអាណោចអាធ័មបំផុត និងសមាជិកគ្រួសារ ៤ នាក់ទៀត រងរបួសធ្ងន់-ស្រាល ក្នុងនោះ (មានកូនស្រីតូចម្នាក់ និងបុរសជាឪពុក) រងរបួសធ្ងន់ និងកូនប្រុសម្នាក់ទៀត ត្រូវបានចាត់ទុកថាមហាសំណាងណាស់ ដែលរួចផុតពីគ្រោះថ្នាក់ដ៏សាហាវនេះ និងគ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។

ប៉ុន្តែ ដោយសារតែខណៈពេលនេះ ឪពុក និងប្អូនស្រីតូច កំពុងត្រូវបានសង្គ្រោះ ហើយក៏មិនដឹងថានឹងយ៉ាងណាដែរទេ ព្រោះសុទ្ធតែរងរបួសធ្ងន់ធ្ងរបំផុតនោះ ក្មេងប្រុសជាកូនច្បងដែលបានរួចផុតពីគ្រោះថ្នាក់ ដ៏មហាសំណាង បានកំពុងរស់នៅតែម្នាក់ឯង ដោយទទួលបានការមើលថែ ពីគ្រួសារសាច់ញាតិនៅជិតខាង ដែលមានក្តីអាណិតអាសូរជាពន់ពេកក្រៃ ចំពោះគ្រួសារមួយនេះ។
តែយ៉ាងណាមិញ អ្វីដ៏សែនអនិច្ចា និងសង្វេគខ្លាំងបំផុតនោះ គឺកូនប្រុសរូបនេះ សូម្បីតែពុំបានជូនដំណើរអ្នកម្តាយលើកចុងក្រោយ ខណៈសពម្តាយត្រូវបានយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតក្នុងខេត្តកំពត ពុំអាចទៅបាន ដោយសារតំបន់នោះកំពុងផ្ទុះកូវីដ និងបានត្រឹមអុជធូបឧទ្ទិសដល់ព្រលឹងអ្នកម្តាយ ពីចម្ងាយប៉ុណ្ណោះ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Solika Bun បានបង្ហោះសាររៀបរាប់ទាំងក្តីសង្វេគចិត្តថា៖ «យប់នេះម៉ាក់អូនបូជាហេីយ… យប់ម្សិលថ្មេីរនេះ អូននៅជុំជាមួយគ្រួសារសោះ កម្សត់ណាស់សុខៗជីវិតរសាត់អណ្តែតម្នាក់ឯង មកដល់ផ្ទះបង ថានឹកម៉ាក់ ចង់ទៅជួបសូម្បីលេីកចុងក្រោយ ក៏មិនបានជួបផង ថ្ងៃនេះថ្ងៃសីល មានតែនាំអូនថ្វាយផ្កាដល់ព្រះ អុជធូបឧទ្ទិសព្រលឹងម៉ាក់បានត្រឹមពីចំងាយហេីយលាជារៀងរហូត ចំណែកពូមីងបងប្អូនដែលទាក់ទង មកសួរច្រេីនថាប្អូនប្រុសនៅឯណា មានសុវត្ថិភាពឫអត់ គាត់បានស្នាក់នៅផ្ទះខ្ញុំ តាំងពីយប់មកម្ល៉េះសូមកុំមានការបារម្ភ ពួកយេីងមេីលថែគាត់បានយ៉ាងល្អ អរគុណសម្រាប់ការស្រឡាញ់ចំពោះប្អូននិងគ្រួសារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






