Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​៖ មតិយោបល់​ពី​អ្នកវិភាគ និង​សាធារណជន​មួយចំនួន បកស្រាយ​ខុសពី​ការពិត ប្រាសចាក​ពីអ្វី​ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ដាក់ចេញ​នូវ​នយោបាយ​កំណែទម្រង់ និង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដើម្បី​ធានាបាន​សន្តិសុខ​ស្បៀង

​ភ្នំពេញ​៖ ក្រោយពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តី​ប្រ​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ រួចមក ក្រសួង​បានទទួល​មតិយោបល់​ពី​អ្នកវិភាគ និង​សាធារណជន​មួយចំនួន ដោយបាន​បកស្រាយ​ខុសពី​ការពិត ប្រាសចាក​ពីអ្វី​ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ដាក់ចេញ​នូវ​នយោបាយ​កំណែទម្រង់ និង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដើម្បី​ធានាបាន​សន្តិសុខ​ស្បៀង និង​ការនាំចេញ ក្នុងដំណាក់កាល​ដ៏​លំបាក​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​សារ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២១​នេះ​ថា ក្នុង​បរិ​ការ​នេះ ខ្ញុំ​ចង់​ទាញអារម្មណ៍​អ្នកវិភាគ និង​សាធារណជន សូមមេត្តា​ស្រាវជ្រាវ​នូវ​អ្វី​ដែលជា​របត់​នយោបាយ​ក្នុងការ​ធ្វើកំណែទម្រង់រ​បស់​រាជរដ្ឋាភិបាល​លើ​អនុវិស័យ​ជលផល​កន្លងមក ដែល​បានចាប់ផ្តើម​ពី​ការអនុវត្ត​វិមជ្ឈការ​មុន​ឆ្នាំ​២០០៦ មក​អនុវត្ត​ការគ្រប់គ្រង​វិស័យនេះ​តាមបែប​មជ្ឈការ​វិញ​ក្រោយ​ឆ្នាំ ២០០៦ ហើយដោយ​ពិនិត្យឃើញ​នូវ​ភាពចាំបាច់ ប្រមុខរ​រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើកំណែទម្រង់​សាជាថ្មី​ម្តងទៀត​ក្នុង​ការធ្វើ​វិមជ្ឈការ​ក្រោយ​ឆ្នាំ​២០១៦ ដោយ​ត្រូវប្រគល់​សិទ្ធិអំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ប្រគល់​សិទ្ធិអំណាច​ជូនទៅ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​បង្ក្រាប​បទល្មើស ជលផល និង​ព្រៃឈើ ដែល​ស្ថិតនៅក្នុង​ដែនដី​របស់ខ្លួន ដែល​ទាមទារ​ពេលវេលា​ក្នុង​ការកសាង និង​ពង្រឹងសមត្ថភាព​បន្ថែមទៀត​។ ក្នុងករណីនេះ​គឺ​ក្រសួង​អាច​អន្តរាគមន៍ លុះត្រា​តែមាន​សំណូមពរ​ចាំបាច់​តែប៉ុណ្ណោះ​។

​ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា “​ការបាត់បង់​ធនធានធម្មជាតិ កន្លងមក​មាន​ហេតុផល​ជាច្រើន​ដូចដែល​ខ្ញុំ​បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួចហើយ ព្រោះ​ជា​លក្ខណៈ​សត្យា​នុម​ត្តិ មិនមែន​ក្រសួង​មិនបាន​ធ្វើ​និង​ដោះស្រាយ​នោះទេ ព្រោះ​អ្វីៗ​បាន​ផ្តើមចេញពី​ដំណើរ​នៃ​ការរីកលូតលាស់​នៃ​វិស័យ​សេដ្ឋកិច្ចជាតិ សង្គម កំណើន​ទីក្រុង​និង​ប្រជាជន ការកកស្ទះ​ដីល្បាប់​តាម​បណ្តា​ផ្លូវទឹក និង​បណ្តា​ព្រែក​នានា នៅតាម​ដង​ទន្លេ​ជាដើម​។ ដោយឡែក​ការធ្វើ​វារីវប្បកម្ម​របស់​យើង​នាពេល​បច្ចុប្បន្ន​គឺ​ស្ថិតនៅ​រាយប៉ាយ ខ្វះ​ទុន ខ្វះ​ប្រភពទឹក ការចិញ្ចឹម​មិនបាន​ដាក់ចេញ​នូវ​ការចិញ្ចឹម​ជា​លក្ខណៈ​បណ្តា​ក់ត​គ្នា​បានល្អ​នោះទេ ហើយ​ការប្រមូល​ផល​ជួប​ការលំបាក ត្រូវ​ប្រើពេល​យូរ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដែល​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​ប្រមូល​ធ្វើការ​ផ្គត់ផ្គង់​ទីផ្សារ និង​ការដឹកជញ្ជូន​មកកាន់​ទីផ្សារ​ចែកចាយ​”​។

​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​យើង​បាននិងកំពុង​ពិនិត្យ និង​ដោះស្រាយ​ជា​លក្ខណៈ​អន្តរក្រសួង​ជា​បណ្តើរៗ ក្នុងនេះ​មាន​ក្រសួង និង​ស្ថាប័ន ចំនួន ៧ ដែលមាន​ការជាប់​ទាក់ទង​ទៅនឹង​៖
1) គោលនយោបាយ​នៃ​ការត្រួតពិនិត្យ និង​ការបង់ពន្ធ​នៃ​ការ​នាំចូល​,
2) ការគ្រប់គ្រង​ទីផ្សារ និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​និង​ក្រៅ​ស្រុក​,
3) ការគ្រប់គ្រង​ធនធានទឹក រួមទាំង​ព្រែក ស្ទឹង បឹងបួរ និង​បឹង​ទន្លេសាប ហើយនឹង​ផ្គត់ផ្គង់​ទឹក​ក្នុង​ការធ្វើ​វារីវប្បកម្ម​,
4) ការជួយ​គាំទ្រ និង​ការលើកទឹកចិត្ត​ក្នុងការ​កែឆ្នៃ​ផលិតផល​ជលផល និង​ចំណី ប្រកបដោយ​ការ​ប្រ​គួ​ត​ប្រជែង​ជាមួយ​ប្រទេសជិតខាង​
5) ការផ្តល់​ឥណទាន​និង​
6) ការជួយ​គាំទ្រ​ពី​អាជ្ញាធរ​ដែន​ដល់​ការជួយ​គាំទ្រ​សកម្មភាព​នានា​នៅ​នឹង​មូលដ្ឋាន​ផងដែរ​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​មានប្រសាសន៍ថា បើទោះបី​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដែល​នៅ​សេសសល់​ទាក់ទង​ទៅនឹង​ការធ្វើ​វារីវប្បកម្ម និង​បញ្ហា​ទីផ្សារ​យ៉ាងណាក៏ដោយ ក៏​ការធ្វើ​វារីវប្បកម្ម​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ (២០១៥-២០២០)​បាន​ប្រព្រឹត្តទៅ ទទួលបាន​វឌ្ឍនភាព ដោយមាន​សន្ទុះ​គួរឱ្យកត់សម្គាល់ ដែល​ទិន្នផល​វារីវប្បកម្ម​ប្រមូល​ប្រចាំឆ្នាំ​៖
 ២០១៥ ទទួលបាន ១៤៣ ១៤១ តោន
 ២០១៦ ទទួលបាន ១៧២ ៥០០ តោន
 ២០១៧ ទទួលបាន ២០៧ ៤៤៣ តោន​
 ២០១៨ ទទួលបាន ២៥៤ ០៤៨ តោន​
 ២០១៩ ទទួលបាន ៣០៧ ៤០៨ តោន
(​មាន​កំណើន​ទិន្នផល​វារីវប្បកម្ម​ប្រចាំឆ្នាំ​ជា​មធ្យម ២០,៦% ចាប់ពី​ឆ្នាំ​២០១៥-២០១៩) និង​
 ​នៅ​ឆ្នាំ​២០២០ កើនឡើង​ដល់ ៤០០ ៤០០ តោន មាន​កំណើន ៣០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។

​កំណើន​ឡើងជា​លំដាប់​នៃ​ទិន្នផល​វារីវប្បកម្ម​នេះ ដោយសារ​តែមាន​ការចាប់​អារម្មណ៍ និង​ចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ និង​បងប្អូន​វា​រី​វប្បករ​កម្ពុជា​យើង គួបផ្សំ​នឹង​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ទាំង​បច្ចេកទេស និង​ទុន​ជា​ប្រាក់កម្ចី និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ផងដែរ​ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​វារីវប្បកម្ម​នៅ​កម្ពុជា​។​
​បន្ថែម​លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំ​នូវ​វិធានការ​គោលនយោបាយ​ជំរុញ​វារីវប្បកម្ម​ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង​ប​ងើ្ក​ន​ផលិតភាព​វារីវប្បកម្ម​ឱ្យមាន​ការប្រកួតប្រជែង បរិ​យា​ប័ន្ន និង​និរន្តរភាព​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×