ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនទៅបុកគូទរថយន្តកាមរីបាឡែនពីក្រោយពេញទំហឹងនៅរង្វង់មូលនាងមច្ឆា បណ្តាលឲ្យរថយន្តកាមរីបាឡែនខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែកឯរថយន្តបង្កព្យាយាមបើករត់គេចពីរង្វង់មូលនាងមច្ឆារត់មកដល់ផ្លូវសហព័ន្ធរុស្សុី ខណ្ឌទួលគោកត្រូវសមត្ថកិច្ចតាមឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០៩នឹង២០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កើតហេតុ ត្រង់នឹងចំណុចរង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍គេបានឃើញរថយន្តកាមរីបាឡែនពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2-AL 8844 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវOCIC ក្នុងល្បឿនមធ្យម ខណៈពេលមកដល់ចំណុចកើតហេតុរង្វង់មូលនាងមច្ឆា ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់មួយគ្រឿងទៀតពាក់ផ្លាកលេខភ្នំពេញ2AG-5385 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីក្រោយស្របគ្នាក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនជាប់បានជ្រុលទៅបុកពីក្រោយរថយន្តកាមរីបាឡែនពេញទំហឹងបណ្ដាលឲ្យរថយន្តកាមរីបាឡែនរងការខូចខាតខាងក្រោយយ៉ាងដំណំ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ចំណែករថយន្តបង្កវិញបានបន្តល្បឿនរត់តាមបណ្តោយផ្លូវសព័ន្ធរុស្សុីរត់ទៅដល់មុខនឹងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងសង្កាត់ទឹកល្អក់ទី០១ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក និងកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ តាមឃាត់បានតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌជ្រោយចង្វារបានចុះទៅដល់កន្លែង ឃាត់បានបន្ទាប់មកខាងសមត្ថកិច្ចខណ្ឌទួលគោក ក៏បានប្រគល់រថយន្តបង្ករួមទាំងអ្នកបើកបរឲ្យទៅខាងសមត្ថកិច្ចខណ្ឌជ្រោយចង្វារយកទៅ អធិការដ្ឋានខណ្ឌជ្រោយចង្វារយកទៅធ្វើការដោះស្រាយគ្នាជាមួយនិងម្ចាស់រថយន្តរងគ្រោះ៕ រក្សាសិទ្ធិដោយ៖ សាមេត


