Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរមិនគួរឲ្យជឿ ! បាត់កូនស្រី ១១ ឆ្នាំ ទីបំផុត រកឃើញនៅជាមួយសង្សារក្បែរផ្ទះ រីឯអាថ៌កំបាំងដ៏សម្ងាត់នេះគឺថា….

ស្រ្តីម្នាក់នៅក្នុងប្រទេសឥណ្ឌា បានធ្វើឲ្យគ្រប់គ្នានៅក្នុងភូមិមានការហួសចិត្ត និងស្ទើរតែមិនគួរឲ្យចង់ជឿសោះឡើយ បន្ទាប់ពីនាងបានបាត់ខ្លួនពីផ្ទះអស់រយៈពេល ១១ ឆ្នាំ និងទើបត្រូវបានរកឃើញថ្មីៗនេះ ខណៈនាងកំពុងរស់នៅក្នុងផ្ទះមួយជាមួយសង្សារ ស្ថិតនៅក្នុងភូមិជាមួយគ្នា ចម្ងាយពីផ្ទះរបស់នាងចម្ងាយប្រមាណ ៥០០ ម៉ែត្រ ប៉ុណ្ណោះ។ ហើយដែលសំខាន់នោះ គឺឪពុកម្តាយសង្សាររបស់នាង ក៏ពុំបានដឹងពីវត្តមានរបស់នាងនៅក្នុងផ្ទះរបស់ពួកគេផងដែរ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីឈ្មោះ Sajitha បានចាកចេញពីផ្ទះរបស់នាងនៅក្នុងភូមិ Ayalur ក្នុងទីក្រុង Palakkda នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១០ នៅពេលនាងមានអាយុ ១៨ ឆ្នាំ ដោយបានទៅស្កាត់មានទំនាក់ទំនងជាមួយបុរសឈ្មោះ Alinchuvattil Rahman ហើយនាងក៏បានលួចចូលទៅសម្ងំរួមរស់នៅក្នុងផ្ទះរបស់គាត់ តាមទ្វារច្រកក្រោយ ចាប់ពីពេលនោះមក។ ពួកគេទាំងពីរបានរក្សាទំនាក់ទំនងដ៏អាថ៌កំបាំងនេះ គឺដោយសារពួកគេកាន់សាសនាផ្សេងគ្នា។

ក្រោយការបាត់ខ្លួនរបស់នាង ក្រុមគ្រួសារ និងប៉ូលីសបានព្យាយាមដើររកគ្រប់ច្រកល្ហកអស់ហើយ ប៉ុន្តែ គ្មានតម្រុយណាមួយនោះទេ។ លោក Deepa Kumar A មន្រ្តីប៉ូលីសនៅ Nenmara បានប្រាប់ Indian Express ថា “គ្មាននរណាម្នាក់ បានដឹងអំពីស្នេហារបស់ពួកគេឡើយ និងក៏បានគិតថា Sajitha ប្រហែលជាដើរវង្វេងចូលព្រៃ ត្រូវសត្វខ្លាសម្លាប់បាត់ហើយ”។

បងប្រុសរបស់ Rahman លោក Basheer បាននិយាយថា គាត់មានបន្ទប់ដាច់ដោយឡែកមួយ ដែលត្រូវបានចាក់សោរគ្រប់ពេល។ Rahman គឺជាជាងភ្លើង តែងតែមិនអនុញ្ញាតឲ្យនរណាម្នាក់ ក្នុងគ្រួសារចូលបន្ទប់របស់គាត់បានឡើយ ហើយរូបគេក៏បានប្រើប្រាស់ជំនាញរបស់ខ្លួន ដាក់សោស្វ័យប្រវត្តិមួយនៅជាប់ទ្វារបន្ទប់ ដើម្បីរារាំងសមាជិកគ្រួសារ ឬ អ្នកដទៃចូលជិតបានឡើយ។ ក្នុងនោះ រូបគេបានតខ្សែភ្លើងអគ្គិសនីតភ្ជាប់នៅក្រៅទ្វារ ធ្វើឲ្យសាច់ញាតិឆក់ពីរបីដងផងដែរ នៅពេលពួកគេមកក្បែរ។

ទាក់ទងនឹងបញ្ហាទាំងអស់នេះ ឪពុកម្តាយរបស់គាត់ ក៏មិនរវីរវល់ដែរ ព្រោះពួកគេបានដឹងថា Rahman ជាមនុស្សមានអត្តចរិកខុសពីគេ គឺឆាប់ខឹងច្រឡោតណាស់ ដោយពេលខ្លះ គាត់មានអាកប្បកិរិយាដូចជាមនុស្សបាត់បង់ស្មារតី និងប្រព្រឹត្តហិង្សា ប្រសិនបើមានគេព្យាយាមចូលក្នុងបន្ទប់របស់គាត់។ គាត់សូម្បីតែយកអាហារទៅហូប ទៅដល់ក្នុងបន្ទប់ ក្នុងអំឡុងពេលថ្ងៃ ខណៈគ្រប់គ្នានៅឯកន្លែងធ្វើការ។

ដោយឡែក នាង Sajitha វិញ គឺត្រូវបានដឹងថា សូម្បីបោកគក់ ហាលខោអាវរបស់នាងនៅក្នុងបន្ទប់ទៀតផង។ Rahman ត្រូវបានគេសន្មតថា បានដករបារដែកពីរបីចេញពីបង្អួចបន្ទប់។ ហើយដោយសារតែពុំមានបង្គន់នៅក្នុង ហេតុនេះ នាង Sajitha នឹងប្រាកដណាស់ឡើងផ្លោះចេញក្រៅ តាមបង្អួចនៅពេលយប់ ឬ នៅពេលឪពុកម្តាយរបស់គាត់នៅផ្ទះ។

លើសពីនេះ នាង Sajitha បានចំណាយពេលមើលទូរទស្សន៍ នៅក្នុងបន្ទប់ ដោយប្រើកាសត្រចៀក។

តែទោះយ៉ាងណា កាលពី ៣ ខែ កន្លងមកនេះ Sajitha ស្រាប់តែបានចាកចេញពីផ្ទះ Rahman ដោយមិនដឹងមូលហេតុ។ ហើយនៅថ្ងៃមួយនោះ Rahman បានឈ្លោះជាមួយគ្រួសាររបស់គាត់ ហើយក៏បានចាកចេញពីផ្ទះតាមស្វែងរកនាង។ ហើយគ្រួសាររបស់គាត់ ក៏បានដាក់ពាក្យបណ្តឹងទៅប៉ូលីស ពីការបាត់ខ្លួនរបស់គាត់។

ក្រោយស្វះស្វែងដើររក នៅទីបំផុត បងប្រុសរបស់គាត់ឈ្មោះ Basheer ក៏បានប្រទះឃើញប្អូនប្រុស និង នាង Sajitha កំពុងរស់នៅជាមួយគ្នា នៅក្នុងផ្ទះជួលមួយកន្លែង នាឯភូមិផ្សេង។

តែយ៉ាងណា គូស្នេហ៍នេះ ចុងក្រោយត្រូវបាននាំទៅកាន់តុលាការ ចំពោះការលួចលាក់រួមរស់ជាមួយគ្នា នៅក្នុងបន្ទប់ចាក់សោអស់រយៈពេល ១១ ឆ្នាំ។ Rahman បានសារភាពថា គាត់ធ្វើបែបនេះ ព្រោះខ្លាចគ្រួសារមិនទទួលយក Sajitha។

តុលាការក៏បានអនុញ្ញាតឲ្យពួកគេទាំងពីរ បន្តរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ បន្ទាប់ពី Sajitha បាននិយាយថា នាងពិតជាចង់រស់នៅជាមួយ Rahman ខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×