ភ្នំពេញ ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់តាមហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី១៩ ខែមិថុនា នេះថា ដោយសារសម្តេចបានពាក់ព័ន្ធ ដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យតម្រូវឲ្យសម្តេចធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអភ័យទោសដែលតម្រូវឲ្យសម្តេច លុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុក ទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង៩និង០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែសម្តេចនៅតែធ្វើការដូចពេលមុន ជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះ មិនតម្រូវឲ្យមានមនុស្សចូលមកជិតសម្តេចទេ។

បើមិនមានអ្វីប្រែប្រួលទេ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ មកកាន់ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងមកដល់កម្ពុជានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស។ ហើយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា នៅវិមានសន្តិភាព។
បន្ទាប់ពីជួបពិភាក្សាការងារ ជាមួយសម្តេចនាយករដ្ឋមន្ត្រី និងជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសក៏នឹងអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា មុននឹងធ្វើដំណើរនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ៕ រក្សាសិទ្ធិ ដោយៈ ចេស្តារ

