ថ្មីៗនេះ មានរឿងដ៏ហួសចិត្តមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមនៃប្រទេសថៃ ចំពោះវីដេអូមួយដែលបង្ហាញឲ្យឃើញនារីម្នាក់ ទៅញ៉ាំគុយទាវសាច់គោនៅហាងមួយកន្លែង ក្នុងទីក្រុងបាងកក ហើយខណៈពេលកំពុងញ៉ាំសុខៗ ក៏ស្រាប់តែប្រទះឃើញធ្មេញបាក់មួយនៅក្នុងចានគុយទាវ ធ្វើឲ្យនាងស្លុតរន្ធត់ជាខ្លាំង។

ជាក់ស្តែង ពិភពអនឡាញបានចែករំលេកឃ្លីបវីដេអូនេះចេញពីគណនី Tik Tok ឈ្មោះថា @saichon_ph ដែលបានផុសថា ខ្លួននាងបានញ៉ាំគុយទាវសាច់គោមួយចាន ប៉ុន្តែ ខណៈពេលកំពុងញ៉ាំ នាងក៏បានប្រទះឃើញវត្ថុមួយ មានរាងដូចធ្មេញ ហើយក៏បានថតវីដេអូ។ ដំបូង នាងគិតថា វាប្រហែលជាធ្មេញរបស់នាងបានបាក់ធ្លាក់ចូល ហើយមើលទៅ ប៉ុន្តែ វាមិនមែននោះទេ ហើយបន្ទាប់មក នាងក៏បានសួរទៅកាន់អ្នកលក់ថា តើវាជាធ្មេញនរណា ធ្មេញជ្រូក ឬ ធ្មេញគោ។
ក្រោយពីមានបញ្ហានេះបានកើតឡើង ម្ចាស់ហាងក៏បានប្រាប់នាងថា សូមកុំបារម្ភអី វាអាចជាធ្មេញជ្រូក ឬ ធ្មេញគោ ទេ ដែលប្រហែលវាបានរបេះចេញ នៅពេលពួកគេយកទៅស្ងោទឹកស៊ុប។

ដោយឡែក អ្នកលេង Tik Tok មួយចំនួន ក៏បានធ្វើការសន្និដ្ឋានដូចៗគ្នាថា វាប្រហែលជាអាចជាធ្មេញសត្វជ្រូក ឬ ឆ្មេញ។ ពួកគេបានសន្មតថា អ្នកលក់អាចយកក្បាលជ្រូកទៅស្ងោស៊ុប ហើយចែដន្យ ធ្មេញមួយក្នុងចំណោមនោះ ក៏បានរបេះ។
ចំណែកមណ្ឌលស្រាវជ្រាវជំងឺប៉ារ៉ាស៊ីតវិញ បានធ្វើការពន្យល់ថា តាមរយៈរូបភាពនេះ គឺវាទំនងជាធ្មេញជ្រូក ៩៩% ព្រោះថា ធ្មេញគោខ្ពស់ជាង វែងជាងធ្មេញជ្រូក ហើយប្រសិនចង់ច្បាស់ចម្លើយ សូមយកមកឲ្យក្រុមយើងពិនិត្យ នឹងដឹងហើយថាវាជាធ្មេញជ្រូក ឬធ្មេញគោ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@saichon_ph รีบไปส่องกระจกดูฟันตัวเองด่วน เอ้าไม่ใช่ฟันเรานี่หว่า555 ##ก๋วยเตี๋ยวเนื้อเปื่อย
♬ เสียงต้นฉบับ – Saichon PH