Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់ជិះម៉ូតូជាង១០គ្រឿង ប្រដាប់ទៅដោយដាវ និងកាំបិតប៉័ងតោ ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យរងរបួស

ភ្នំពេញ ÷ សាហាវមែន ជនដៃដល់មួយក្រុមបានជិះម៉ូតូជាង១០គ្រឿង ប្រដាប់ទៅដោយដាវនិងកាំបិតបុ័ងតោ បានដេញកាប់ទៅលើយុវជនម្នាក់ ចំឆ្អឹងខ្នងមួយកាំបិត និងយកខ្សែក្រវ៉ាត់វាយទៅលើផ្ទៃមុខ បណ្តាលឲ្យរងរបួស។ ចំណែកឯអ្នកបង្ករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចកើតហេតុនៅច្រមុះជ្រូកស្ទឹងមានជ័យ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះជិន សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ អ្នកដឹកអនឡាញ បច្ចុប្បន្នស្នាក់នៅម្តុំវត្តអង្គតាមិញ។

ប្រភពព័ត៌មានពីជនរងគ្រោះ មានឈ្មោះ ជិន សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ដំបូងខ្លួនបាន ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង 1-AM 9686 ជិះយកអីវ៉ាន់ដែលភ្ញៀវកុម្មង់ចេញពីផ្ទះ យកទៅផ្ញើនៅបេនឡានផ្សារអូឡាំពិច បន្ទាប់មកខ្លួនក៏បានត្រឡប់មកវិញ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ លុះមកដល់ចំណុចកើតហេតុ មុខផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែលេចមុខជនដៃដល់មួយក្រុម ប្រដាប់ទៅដោយដាវ និងកាំបិតបុ័ងតោ បានដេញកាប់ទៅលើជនរងគ្រោះ ត្រូវមួយកាំបិតនិងយកខ្សែក្រវ៉ាត់ វាយចំថ្គាមជនរងគ្រោះ បណ្តាលឲ្យបែកឈាម បន្ទាប់មកជនរងគ្រោះព្យាយាមជិះម៉ូតូរត់គេច ដល់ហាងមីហឹល ជាប់នឹងប៉េអឹមក្រុង ក៏ផ្តួលម៉ូតូរត់ចូលហាងមីហឹល យករួចខ្លួនតែម្តងទៅ ចំណែកឯជនដៃដល់បានកាប់ និងវាយទៅលើម៉ូតូជនរងគ្រោះ បន្ថែមទៀត បណ្តាលឲ្យម៉ូតូ រងការខូចខាតយ៉ាងដំណំ រួចជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឱ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីងាយស្រួល តាមរកជនបង្កខាងលើ យកមកចាត់ការទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ សា មេត

×