ភ្នំពេញ ៖ លោក ទេព រិនដារ៉ូ គឺជាតារាជើងចាស់មួយរូប ដែលត្រូវបានដឹងថា លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈសម្តែងភាពយន្ត អស់រយៈពេលជាង ៣ ទសវត្សរ៍ មកហើយ។ ហើយបើទោះជាលោកមានវ័យចំណាស់បន្តិចទៅហើយក្តី តែលោកមើលទៅនៅតែមានសុខភាពរឹងទាំ ជាពិសេសគឺថារូបរាងនៅតែស្រស់សង្ហា ដែលធ្វើឲ្យលោកនៅតែមានប្រជាប្រិយភាព បន្តសម្តែងមកដល់សព្វថ្ងៃ។

ទាក់ទងនឹងការដែលលោកនៅតែបន្តសម្តែងរហូតមកទល់ពេលនេះផងដែរ តារាជើងចាស់ពោរពេញដោយសមត្ថភាព ទេពកោល្យសិល្បៈវ័យជិត ៦០ ឆ្នាំ រូបនេះ បានបញ្ជាក់ថា លោកនឹងបន្តសម្តែងរហូតដួលគ្រឹប ពោលគឺដូចលោកយាយម៉ែមឺុនអុីចឹង ឲ្យតែទស្សនិកជននៅតែគាំទ្រ។
ដោយឡែក ទាក់ទងនឹងជីវិតស្នេហាវិញ គឺមានមហាជនយ៉ាងច្រើនបានឆ្ងល់ថា ហេតុអ្វីបានជាលោកហាក់ដូចជា មិនរវីរវល់រឿងជីវិតគូដូចតារាជើងចាស់វ័យស្រកៗគ្នាដទៃទៀត ដែលគេមានកូនទាំងមានមានទាំងចៅអស់ទៅហើយនោះ ហើយនៅពេលសួរថា តើពេលណាបានយកប្រពន្ធនិងគេ តារាជើងចាស់ជាអ្នកខេត្តបាត់ដំបងរូបនេះ បានឆ្លើយថា អត់យកទេ ព្រោះនៅតែឯងយូរហើយ គឺវាគ្រប់គ្រាន់សម្រាប់បទពិសោធន៍ជីវិតឯកោយូរឆ្នាំមកនេះហើយ និយាយរួមទៅ គឺលោកខ្ជិលគិតអំពីរឿងនេះតែម្តង។

តែយ៉ាងណា រឿងដែលគេតែងតែគិតថាលោកគឺជាកំលោះចាស់ គឺមានមនុស្សមិនច្រើនទេ ដែលបានដឹង គឺតាមការពិតទៅ លោកធ្លាប់បានរៀបការម្តងមកហើយ ជាមួយនារីម្នាក់ ដែលជាការរៀបចំឡើងដោយឪពុកម្ដាយរបស់លោកនៅក្នុងអំឡុងឆ្នាំ១៩៨៧ ប៉ុន្តែ តែដោយសារតែគ្មានមនោសញ្ចេតនារួមរស់នៅនឹងគ្នាបាន លោកក៏បានលះលែងគ្នាក្នុងឆ្នាំ១៩៨៨ ដោយទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាង១ឆ្នាំ កូនស្រីម្នាក់ផងដែរ។ ហើយក្រោយមក អតីតភរិយា និងកូនស្រី ក៏ត្រូវបានដឹងថាបានចេញទៅនៅក្រៅប្រទេស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















