Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់៤នាក់ សង្ស័យពុលស្រាស ស្រាថ្នាំ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ករណីសង្ស័យពុលស្រាសស្រាថ្នាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតរហូតដល់៤នាក់ កើតឡើងនៅក្នុងភូមិយោត ឃុំមេសរប្រច័ណ្ឌ ស្រុកពារាំង ខេត្តព្រៃវែងកាលពីថ្ងៃទី១៩មិថុនា ។ នេះបើតាមការផ្សាយព័ត៌មានក្នុងផេកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី២០មិថុនាថា ជនរងគ្រោះទី១ឈ្មោះ ឆួន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ ទី២ឈ្មោះ សឺន ផន ភេទប្រុស អាយុ៣១ឆ្នាំ ទី៣ឈ្មោះ ចយ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៤ឈ្មោះ ហ៊ាន ណេន ភេទប្រុស អាយុ៤៧ឆ្នាំ។

លោក ហ៊ី ធួក បានបន្តទៀតថា ក្នុងចំណោមជនរងគ្រោះទាំងអស់ គឺមានជនរងគ្រោះម្នាក់បានស្លាប់ ពេលក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត គឺបានស្លាប់បាត់បង់ជីវិតនៅនឹងផ្ទះរបស់ពួកគាត់ ហើយចំពោះមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះ ទាំង៤នាក់ខាងលើនេះ ទាំងសមត្ថកិច្ចនិងមន្រ្តីជំនាញសុខាភិបាល កំពុងតែចុះស្រាវជ្រាវ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ គឺគ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារមុនស្លាប់ជនរងគ្រោះទាំងអស់ សុទ្ធតែបានផឹកស្រាសស្រាថ្នាំដូចគ្នា។

លោកអភិបាលស្រុកបានបញ្ជាក់ថា ពេលនេះទីតាំងផលិតស្រាស និងលក់ស្រាសស្រាថ្នាំទាំងអស់ក្នុងតំបន់នោះ ត្រូវបានបិទអស់ហើយ ហើយមន្រ្តីជំនាញសុខាភិបាល ក៏បានប្រមូលយកសំណាកគំរូស្រាសស្រាថ្នាំ ដែលជនរងគ្រោះបានផឹក យកទៅពិនិត្យរួចហើយដែរ ដូច្នេះនៅពេលដែលលទ្ធផលចេញមក យើងនិងដឹងច្បាស់ថា ជនរងគ្រោះទាំង៤នាក់នេះ គឺស្លាប់ដោយសារមូលហេតុអ្វីហើយ។

ដោយឡែកលោកវិជ្ជបណ្ឌិត ហួត កណ្យាល ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកពារាំង បានឲ្យដឹងនៅរសៀលថ្ងៃទី២០មិថុនានេះថា ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅភូមិយោត ឃុំមេសរប្រច័ណ្ឌនោះ ក្រុមគ្រូពេទ្យជំនាញរបស់លោក បានចុះទៅពិនិត្យរួចហើយ ដំបូងគឺពិនិត្យរកមេរោគកូវីដ១៩ ដើម្បីកុំឲ្យប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភ ហើយលទ្ធផល គឺជនរងគ្រោះអវិជ្ជមានទាំងអស់។ ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រា ដែលជនរងគ្រោះបានផឹក បញ្ជូនទៅពិនិត្យនៅ ក្នុងមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញផងដែរ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា តើជនរងគ្រោះពិតជាស្លាប់ដោយសារពុលស្រា មែនឬមិនមែន ប៉ុន្តែពេលនេះ លទ្ធផលពិនិត្យមិនទាន់ចេញនៅឡើយទេ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×