ភ្នំពេញ ៖ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។
ការនេះអញ្ជើញមកបំពេញទស្សនកិច្ច គឺតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគី ដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។
ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និង ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុង កិច្ចសហប្រតិបត្តិការពហុភាគី ក្នុងក្របខ័ណ្ឌអាស៊ាន៕ រក្សាសិទ្ធិដោយៈ ចេស្តារ
