ភ្នំពេញ ៖ ការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះហង្ស វណ្ណៈភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរជាឧត្តមសេនីយ៍ទោប៉ូលីសក្រសួងមហាផ្ទៃម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស ឆបោក លើទឹកប្រាក់ប្រមាណជាង២ ម៉ឺនដុល្លារ ធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះហង្ស វណ្ណៈ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរជា មន្ត្រីនគរបាលជាតិថ្នាក់ឧត្តម សេនីយ៍ទោ បម្រើការងារនៅក្រសួងមហាផ្ទៃ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ១១៥A ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
យោងតាមប្រភពព័ត៌ពីមន្រ្តីនគរបាលស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យរូបនេះ គឺបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន បានបញ្ជាក់ថា ឈ្មោះ ហង្ស វណ្ណៈ ត្រូវបានចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច លើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដែលបទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ប្រភពព័ត៌មានបន្តថា ជនសង្ស័យត្រូវបានប្រជាពលរដ្ឋម្នាក់ ប្តឹងចោទប្រកាន់ថា បានយកលុយគេចំនួន ២ម៉ឺន២ ពាន់ដុល្លារអាមេរិក ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេចតាមការសន្យា ពោលគឺស៊ីដាច់ប្រាក់ប្រមាណ ២ម៉ឺន២ពាន់ដុល្លារនោះ នឹងថែមទាំងគេចវេសមិនជួបដោះស្រាយជាមួយដើម បណ្តឹង ឬជនរងគ្រោះទៀតផង ។
បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតនៅក្នុងចំណាត់របស់ចៅក្រមស៊ើបសួរ កំពុងតែធ្វើចំណាត់ការសាកសួរ ៕ រក្សាសិទ្ធិដោយ៖CEN

