ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ពហុភាគីនិយមដែលបើកចំហរ និងប្រកបដោយបរិយាប័ន្ន ការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធានានូវការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ សម្រាប់សកលលោក និងការស្តារសេដ្ឋកិច្ច-សង្គមប្រកបដោយ ចីរភាព។
ការថ្លែងបទអន្តរាគមន៍របស់ប្រមុខការទូតកម្ពុជា នឹងធ្វើឡើងនៅសន្និសីទជាន់ខ្ពស់ អាស៊ី-ប៉ាស៊ីហ្វិកស្តីពីកិច្ចសហ-ប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមមូលបទ «ការជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល សម្រាប់ការងើបឡើងវិញ ប្រកបដោយនិរន្តរភាព» ដែលនឹងប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែមិថុនា នេះបានបញ្ជាក់ថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើជាប្រធានដឹកនាំសន្និសីទ ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសដៃគូនៃ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។ សន្និសីទ នឹងពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ព្រមទាំងលើកកម្ពស់ភាពជាដៃគូ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ពហុភាគីនិយម ដែលបើកចំហរ និងប្រកបដោយបរិយាប័ន្ន ការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធានានូវការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ សម្រាប់សកលលោក និងការស្តារសេដ្ឋកិច្ច-សង្គមប្រកបដោយ ចីរភាព។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយអត្ថន័យទូលំទូលាយ និងជាក់លាក់ដល់សន្និសីទផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ