ជឿជាក់ថា ប្រិយមិត្តជាច្រើនបានទទួលជ្រាប និងក៏ដូចមានការភ្ញាក់ផ្អើលរួចហើយ ចំពោះមង្គលការមួយថ្មីមួយ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែឃើញកូនកំលោះមានអាយុ ៧០ ឆ្នាំផ្លាយ ខណៈកូនក្រមុំអាយុ ២០ ឆ្នាំ ស្តើង និងថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង ដែលមើលទៅហាក់ដូចជាមិនសមទំនងសោះ ព្រោះថាអ្នកទាំងពីរប្រៀបដូចតានិងចៅអុីចឹង។

តែទោះយ៉ាងណា មហាជននៅក្នុងបណ្តាញសង្គម នៅពេលបានឃើញបែបនេះ ក៏បាននាំគ្នារិះគន់តាមៗគ្នា ដោយចោទទៅលើខាងគ្រួសារកូនក្រមុំនូវពាក្យពេចន៍មិនល្អៗដូចជាថា ឲ្យកូនយកប្តីចាស់ ប្រហែលសង្ស័យអត់លុយបង់អង្គការ (ធនាគារ) ហើយមើលទៅ ឬ លក់កូនស៊ីជាដើម ឬក៏វាយប្រហារទៅលើកូនកំលោះវ័យចំណាស់ថា ជាមនុស្សល្មោភតណ្ហា ចាស់ចំណាស់ហ្នឹងហើយមិនទៅរកវត្តវ៉ាទេ។
ដោយឡែក ក្រោយពីបានឃើញមនុស្សជាច្រើន នាំគ្នារិះគន់តែៗស្ករៗ ដោយមិនបានដឹងច្បាស់ ស្រាប់តែពេលនេះ ម្តាយកូនក្រមុំបានចេញមុខបកស្រាយមូលហេតុយ៉ាងច្បាស់ៗ រឿងឲ្យកូនយកប្តី ដើម្បីកុំឲ្យអ្នករិះគន់បន្តវាយប្រហារតែៗស្ករៗទៀត។

ក្នុងនោះ ស្រ្តីជាម្តាយបានលើកហេតុផលមកពន្យល់រៀបរាប់ហូរដូចទឹកថា មូលហេតុដែលគាត់បានលើកកូនស្រី ទៅឲ្យបុរសវ័យចំណាស់ជាជនជាតិថៃនោះ គឺទី១- គាត់មានកូនស្រីតែ១គត់ ហេតុមិនចង់ឲ្យកូនយកប្តីក្មេង (ជាពិសេសស្ទាវឈាមរាវ) ដែលតែងឃើញការហើយមិនបានប៉ុន្មានផង ឈ្លោះវាយគ្នាបែកក្បាល និងមិនចេះរកស៊ីស្អីនោះទេ…។ ទី២. មូលហេតុដែលគាត់ លើកឲ្យកូនប្រសារវ័យចំណាស់ប្រៀបស្មើឪពុកខ្លួន គឺដោយោសារតែគាត់បានស្គាល់បុរសនោះ ៤ ឆ្នាំ ទៅ ៥ ឆ្នាំហើយៗ គាត់ជាបុរសពោះម៉ាយអត់មានកូនទេ ។ ហើយមនុស្សគាត់ល្អ គាត់ស្គាល់អ្នកណា គាត់ជួយអ្នកហ្នឹង ហើយគាត់ក៏មិនមែនជាសេដ្ឋី អ្នកមានស្តុក ឬ រដ្ឋមន្រ្តីអីនោះដែរ គឺមនុស្សសាមញ្ញធម្មតាប៉ុណ្ណោះ។
ស្រ្តីជាម្តាយរូបនេះ ក៏បានបញ្ជាក់ដឹងទៀតថា គាត់បានឃើញចំណុចល្អៗជាច្រើនទៀត របស់កូនប្រសារ ដែលជាហេតុធ្វើឲ្យគាត់សម្រេចចិត្តលើកកូនស្រីឲ្យ ដោយគិតថា អនាគតកូនស្រីនឹងល្អ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









