ភ្នំពេញ ៖ ករណីលោកឧកញ៉ាប្រាក់ ប្រាកដ ធានាអះអាងរត់ការផ្ទេរឈ្មោះតួនាទីលោក អេង អូន (ប្តីលោកស្រី ចាន់ ធូ) ចេញពីក្របខ័ណ្ឌកងទ័ព ទៅធ្វើជាស្នងការរងនគរបាលខេត្តព្រះសីហនុ តម្លៃសេវារត់ការ ៣០ម៉ឺនដុល្លារអាមេរិក ហើយស៊ីដាច់លុយ១០ម៉ឺនដុល្លារនោះ បន្ទាប់ពីមានការសម្របសម្រួលគ្នារួចមក លោកឧកញ៉ា ប្រាក់ ប្រាកដ បានយល់ព្រមសងលុយ ១០ម៉ឺនដុល្លារអាមេរិកនោះទៅម្ចាស់បណ្តឹងវិញ ហើយលោកស្រី ចាន់ ធូ ក៏បានសម្រេចដកពាក្យបណ្តឹងនេះវិញដែរ ទើបលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឧកញ៉ា ប្រាក់ ប្រាកដ ឱ្យមានសេរីភាពវិញ។

យោងតាមពាក្យបណ្តឹងរបស់លោកស្រី ចាន់ ធូ នៅភូមិព្រៃនប់២ ឃុំ-ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងចូលទៅសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះ ប្រាក់ ប្រាកដ បានធានាអះអាងរត់ការផ្ទេរឈ្មោះតួនាទីលោក អេង អូន (ប្តីលោកស្រី ចាន់ ធូ) ចេញពីក្របខ័ណ្ឌកងទ័ព ទៅធ្វើជាស្នងការរងនគរបាលខេត្តព្រះសីហនុ តម្លៃសេវារត់ការ ៣០ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីព្រមព្រៀងគ្នារួច នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកស្រី និងស្វាមី បានប្រគល់លុយលើកដំបូងចំនួន ១០ម៉ឺនដុល្លារ ឱ្យទៅឈ្មោះ ប្រាក់ ប្រាកដ ដោយរង់ចាំ លទ្ធផលផ្ទេរឈ្មោះ និងតួនាទី ទៅជាស្នងការរងជាផ្លូវការ ទើបប្រគល់លុយថែម ២០ម៉ឺនដុល្លារទៀត។

បន្ទាប់ពីបានទទួលលុយរួចមក ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការសន្យាឡើយ (រត់ការមិនបាន) ហើយបានកុហក់ មិនចេះចប់មិនចេះហើយ ពេលទូរស័ព្ទសួរនាំ និងទាមទារយកលុយមកវិញ គឺឈ្មោះនេះ មិនលើកទូរស័ព្ទ ហើយគេចចេញ មិនចូលផ្ទះខ្លួន ទើបជនរងគ្រោះ លោកស្រី ចាន់ ធូ សម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយបានស្នើសុំសមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ ប្រាក់ ប្រាកដ និងបក្ខពួកចាត់ការតាមផ្លូវច្បាប់ និងទាមទារយកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិកវិញ និងទាមទារ សងជំងឺចិត្ត និងខាត់បង់ពេលវេលាចំនួន ៥ម៉ឺនដុល្លារ។ បន្ទាប់មកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកាកោះហៅឈ្មោះ ប្រាក់ ប្រាកដ ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែមិថុនា តែឈ្មោះនេះ មិនព្រមចូលខ្លួន ទើបបង្គាប់ឱ្យនាំខ្លួនតែម្ដង។

កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន លោកឧកញ៉ា ប្រាក់ ប្រាកដ នៅហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាកោះពាក់ព័ន្ធនឹងករណីឆបោកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក។
ករណីខាងលើនេះ បន្ទាប់ពីមានការសម្របសម្រួលគ្នារួចមក លោកឧកញ៉ា ប្រាក់ ប្រាកដ បានយល់ព្រមសងលុយ ១០ម៉ឺនដុល្លារអាមេរិកនោះទៅម្ចាស់បណ្តឹងវិញ ហើយលោកស្រី ចាន់ ធូ ក៏បានសម្រេចដកពាក្យបណ្តឹងនេះវិញដែរ ទើបលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឧកញ៉ា ប្រាក់ ប្រាកដ ឱ្យមានសេរីភាពវិញហើយ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





