ភ្នំពេញ ÷ បុរសម្នាក់ត្រូវបានបែកក្បាលស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាមកហូបកាហ្វេ ត្រូវរថយន្តធុនត្រាមិនចាំផ្លាកលេខ បើកទៅគៀបណ្តាលឲ្យដួល បោកក្បាលនៅនឹងថ្នល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះដែរ បានកើតឡើង កាលពីវេលាម៉ោង៥ និង ៥០នាទី ព្រឹកថ្ងៃអង្គារទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១A ចំណុចជាប់ផ្សារព្រែកលៀប ក្នុងភូមិ៍ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពមានឈ្មោះ កែវ វណ្ឌី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបម្រើការងារ នៅក្រសួងសាធារណការផ្នែកខាងលូទឹក បច្ចុប្បន្នស្នាក់នៅ សង្កាត់ព្រែកលៀប មានស្រុកកំណើត នៅ ស្រុកត្រាំកក់ខេត្តតាកែវ ( ស្លាប់ )។ អ្នកឌុប ឈ្មោះ សឹមភៀត ភេទប្រុស អាយុ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅនៅភូមិឬស្សី ឃុំបារាយណ៍ ស្រុកត្រាំងខេត្តតាកែវ (របួសស្រាល)។

បើយោងតាមប្រភពព័ត៌មានពីលោកពូឈ្មោះសឹម ភៀត ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកឌុបជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដំបូងគាត់បានជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1-L ៣៦២៣ ចេញពីកន្លែងធ្វើការ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅេពីជើងមកត្បូង ក្នុងល្បឿនមធ្យម គោលបំណងមកហូបកាហ្វេនៅហាងមួយកន្លែង ជិតនឹងផ្សារព្រែកលៀប ខណៈមកដល់ចំណុចកើតហេតុ មុខហាងកាហ្វេគាត់ក៏បានបង្អង់ល្បឿនម៉ូតូ ឈប់រៀបនឹងចូលហាងទៅហើយ ស្រាប់តែមានរថយន្តធុនត្រាមួយគ្រឿង មិនចាំផ្លាកលេខ បានធ្វើដំណើរស្របទិសពីក្រោយ មកគៀចំក្បាលជនរងគ្រោះ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ ក្រោមម៉ូតូ និងម្នាក់ទៀត ត្រូវជាអ្នកឌុបបានរងរបួសស្រាល។ ចំណែកឯរថយន្តបង្ក បន្តល្បឿនរត់គេចខ្លួនទៅបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារ បានចុះមកដល់រួចពិនិត្យជុំវិញសព និងឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ដើម្បីងាយស្រួលឲ្យសមត្ថកិច្ច ឆែកកាំមេរ៉ាសុវត្ថិភាព តាមរករថយន្តបង្កខាងលើ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើតនៅខេត្តតាកែវ តាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត




