នៅលើបណ្តាញសង្គមប្រទេសវៀតណាម កាលពីពេលកន្លងទៅនេះ បាននាំគ្នាចែករំលែកយ៉ាងផុសផុលពីរូបភាពប៉ុន្មានសន្លឹក បង្ហាញស្រ្តីជាបុគ្គលិករត់តុម្នាក់ នៅភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុងហូជីមិញ បានអង្គុយយំនៅនឹងតុអាហារដ៏គួរឲ្យអាសូរ ព្រោះតែថៅកែតម្រូវឲ្យនាងត្រូវចេញថ្លៃម្ហូបមួយតុ ដែលភ្ញៀវបានញ៉ាំហើយ ដាក់មេប្រូចអត់ចេញលុយ។
យោងតាមតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីបុគ្គលរូបនេះបានបម្រើតុភ្ញៀវមួយក្រុមនោះ ចាប់ពីពេលចាប់ផ្តើមចូលញ៉ាំ រហូតបញ្ចប់ ប៉ុន្តែ ដោយសារតែនាងធ្វេសប្រហែសតែប៉ុន្មាននាទី នៅពេលនាងរត់ទៅបម្រើតុផ្សេង ជាហេតុធ្វើឲ្យក្រុមភ្ញៀវទាំងនេះនាំគ្នាដាក់មេប្រូចបាត់ស្រមោលតែម្តង។ ក្រុមភ្ញៀវបានចាកចេញដោយមិនបានបង់លុយ ដោយទុកឲ្យស្រ្តីអ្នកបម្រើនោះ ត្រូវចេញថ្លៃវិក្កយបត្រស្មើនឹងប្រាក់ខែរបស់នាង១ខែ គឺ ៥.២ លានដុង (ប្រហែលជាង ២០០ ដុល្លារ)។
តែយ៉ាងណាមិញ បើតាមការឲ្យដឹងនោះ មានក្រុមភ្ញៀវដទៃដែលមានទឹកចិត្តសប្បុរសធម៌ បានជួយនាង៩សែនដុង ដើម្បីសម្រាលបន្ទុកនេះ។ ហើយម្ចាស់ភោជនីយដ្ឋាន ក៏ត្រូវបានដឹងថា បានធ្វើការឆែកមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកក្រុមភ្ញៀវលេងខូចទាំងនោះផងដែរ។
ហេតុការណ៍នេះផងដែរ ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនជាខ្លាំង។ ក្នុងនោះ អ្នកខមិនភាគច្រើនបានផ្ទុះកំហឹងទៅកាន់ពួកភ្ញៀវនោះថា៖ «ថោកទាបណាស់, ភ្ញៀវប្រភេទៗនេះបើរកឃើញ គឺត្រូវចាប់កោរសក់វាចំណាំទុក ដើម្បីកុំពួកវាដើរបោកកន្លែងដទៃទៀត, អត់លុយទេ តែចូលស៊ីសុទ្ធតែភោជនីយដ្ឋាន, ចូលស៊ីឆ្ងាញ់ហើយ ឲ្យគេទឹកភ្នែកចេញលុយជំនួសពួកវាទៀត,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង