ភ្នំពេញ ៖ រថយន្តបួនគ្រឿងបុកតកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវបេតុងព្រៃស កែងនឹងផ្លូវ៥០ម៉ែត្រ នៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់វ័យប្រហែលជា៥០ឆ្នាំ បានបើករថយន្តម៉ាក FORD RANGER ស៊េរីទំនើបមួយគ្រឿង តាមបណ្ដោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុប ស្របពេលនោះ ក៏មានរថយន្តម៉ាកព្រូសពណ៌ក្រហម បានបើកមកពីក្រោយ និងឈប់រង់ចាំភ្លើងស្តុបដូចគ្នា និងមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត ក៏បានមកឈប់ពីក្រោយរថយន្តព្រូស ស្របពេលនោះ ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំ បើកមកពីក្រោយក្នុងល្បឿនលឿន ចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុក រថយន្តម៉ាកហុីយ៉ាន់ដាយ បន្ទាប់មករថយន្តហ៊ីយ៉ាន់ដាយ ក៏ជ្រុលទៅបុករថយន្តព្រូស ហើយក៏ជ្រុលទៅបុករថយន្ត FORD RANGER បន្តទៀតបណ្តាលឲ្យរងការខូចខាត រថយន្តចំនួន៣ គ្រឿង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណា រងរបួសនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ក៏បានចុះទៅ យករថយន្តទាំង៤គ្រឿង យកមកដាក់ចិញ្ចើមផ្លូវ ដើម្បីជួយសម្រួលចរាចរណ៍ ដល់កុំឱ្យមានការកកស្ទះនៅផ្លូវ បន្ទាប់មកខាងតំណាងរថយន្តធុនធំ ក៏បានមកដោះស្រាយជាមួយរថយន្តធុនតូច៣គ្រឿង ព្រមចេញថ្លៃសំណងថ្លៃការខូចខាត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖មីដា