Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងចូលរួមពិធីបើក នៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី កិច្ចប្រជុំអាស៊ី-អឺរ៉ុប គម្រប់ខួប២៥ឆ្នាំ

spot_img

ភ្នំពេញ ៖ តាមការអញ្ជើញរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូនៅក្នុងពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមធ្វើឡើងជាទំរង់រូបវ័ន្ត និងតាមរយៈប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាវាគ្មិនកិត្តិយស នៅក្នុងពិធីបើកកិច្ចសន្ទនាខាងលើនេះ ជាមួយនឹងឯកឧត្តម ប៊ូយ ថាញ់សឺន ឯកឧត្តម Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និង ឯកឧត្តម Sergey V. Lavrovរដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធរុស្ស៊ី ផងដែរ។

សុន្ទរកថាគន្លឹះរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងផ្តោតលើដំណើរការនៃការប្រព្រឹត្តទៅ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបតាំងពីការបង្កើតឡើងនៅឆ្នាំ១៩៩៦ តួនាទីរបស់កិច្ចប្រជុំនេះជាគ្រឹះមួយ ក្នុងចំណោមគ្រឹះនានានៃអភិបាលកិច្ចសកល ការធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកលដូចជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់របស់ជំងឺនេះទៅលើវិស័យសេដ្ឋកិច្ច-សង្គម ជាដើម។ ក្នុងន័យនេះ មូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជា បានដាក់ចេញ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» គឺពិតជាមានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏នឹងចែករំលែកចក្ខុវិស័យរបស់ឯកឧត្ដមលើអនាគតរបស់ ASEM នៅឆ្នាំខាងមុខផងដែរ ជាពិសេស គឺកិច្ចសហប្រតិបត្តិការពហុវិស័យរបស់ ASEMដើម្បីសន្តិភាព និងការអភិវឌ្ឍនៅអាស៊ី និងអឺរ៉ុប។

ក្នុងការរំលឹកខួប២៥ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប កិច្ចសន្ទនាជាន់ខ្ពស់នេះ នឹងផ្តល់នូវកាលានុវត្ត- ភាព សម្រាប់ដៃគូ ASEM និងភាគីពាក់ព័ន្ធទាំងអស់ដើម្បី (១)ឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់ASEMសម្រេចបាននាពេលកន្លងមក (២) វាយតំលៃពីទំនោរថ្មីៗដែលនឹងអាចជះឥទ្ធិពលមកលើតួនាទីរបស់ ASEM (៣) កំណត់វិស័យសហប្រតិបត្តិការ សំខាន់ៗរបស់ ASEM និង (៤) ជំរុញភាពជាដៃគូ អាស៊ី-អឺរ៉ុបឱ្យកាន់តែរីកចម្រើនថែមទៀត នៅក្នុងបរិបទនៃពិភពលោក ដែលកំពុងមានការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×