Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី សរុបចំនួន ១.២៤៤.០០០នាក់ នៅខេត្តចំនួន៤

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារទី ២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង អមដំណើរឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅទូទាំងខេត្តព្រះសីហនុ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ថា ថ្ងៃនេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលខេត្តទាំង៤ មាន ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ សូមជម្រាបជូនថា មន្ទីរសុខាភិបាលខេត្តព្រះសីហនុ កន្លងមកគឺបានចាក់វ៉ាក់សាំងជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត បានមួយជំហ៊ានរួចមកហើយ ប៉ុន្តែថ្ងៃនេះយើងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមៗគ្នាតែម្តងទាំង០៤ខេត្ត ដោយឡែកខេត្តព្រះសីហនុ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងចំនួន ១៩៣.១៦៥នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទ ទទួលភារកិច្ចចាក់ ១១៦.៩៣៥នាក់ ក្រៅពីនោះគឺមន្ទីរសុខាភិបាលខេត្តចាក់ជូន។


បន្ទាប់ពីការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ឃើញថាមានប្រជាពលរដ្ឋចង់ចាក់វ៉ាក់សាំងមកពីគ្រប់ទីកន្លែង។ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីឱ្យវ៉ាក់សាំងជ្រាបចូលក្នុងខ្លួន។ កងយោធពលខេមរភូមិន្ទ នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ នេះជាកាតព្វកិច្ចសម្រាប់ជាតិរបស់យើង ដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩ ធ្វើឱ្យប្រទេសជាតិមានស្ថេរភាព និងសេដ្ឋកិច្ចមានការរីកចម្រើននាពេលខាងមុខ។

ឯកឧត្តមនាយឯកឧត្តមសេនីយ៍ ក៏បានបន្តថា ខេត្តទាំង៤ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងសរុបចំនួន ១.២៤៤.០០០នាក់ ដោយឡែកកងយោធពលខេមរភូមិន្ទទទួលភារកិច្ចចាក់វ៉ាក់សាំងចំនួន ៨១ម៉ឺននាក់។ យើងខិតខំចាក់វ៉ាក់សាំងពីថ្ងៃទី២២ ដល់ថ្ងៃ៣០ មិថុនា ឆ្នាំ ២០២១ ចាក់ឱ្យអស់ដូសទី១ គ្រប់ខេត្តទាំង០៤ ចំពោះវ៉ាក់សាំងយើងមានគ្រប់ចំនួនក្នុងដៃរួចហើយ សម្រាប់ដូសទី១ និងដូសទី២ ដើម្បីចាក់ជូនប្រជាពលរដ្ឋ១០០ភាគរយ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃគ្រប់ព្រះអង្គ សូមថ្លែងអំណរគុណសម្តេចតេជោ ដែលសម្តេចខិតខំរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង និងបានដាក់ចេញវិធានការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ពិសេសថ្ងៃនេះសម្តេចបានដឹកនាំចាត់ចែង កងកម្លាំងចេញធ្វើសកម្មភាពដោយផ្ទាល់ គឺចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើកិច្ចសហការជាមួយ ក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបានដាក់ចេញនូវផែនការលម្អិត ចាត់ចែងអញ្ជើញបងប្អូនប្រជាពលរដ្ឋ ឱ្យពួកគាត់មកតាមការចាត់ចែង របស់អាជ្ញាធរ ដើម្បីមានសណ្តាប់ធ្នាប់ អនុវត្តវិធានការណ៍ ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋ មកតាមការរៀបចំរបស់អាជ្ញាធរ វាអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន ព្រោះបេសកកម្ម របស់កងយោធពលខេមរភូមិន្ទ មិនមែនមានតែខេត្តព្រះសីហនុមួយទេ មានរាជធានី ខេត្តទាំង២៥ ត្រូវបន្តបេសកកម្មចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដូច្នេះគោលដៅនីមួយៗ ត្រូវខិតខំសហការគ្នា ដើម្បីឱ្យបេសកកម្មចាក់វ៉ាក់សាំងបានលឿន ហើយវ៉ាក់សាំង បានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងពេលតែមួយយើងមិនអាចចាក់ ជូនប្រជាពលរដ្ឋបានទាំងអស់គ្នានោះទេ ត្រូវតែមានអ្នកមុន និងអ្នកក្រោយបន្តបន្ទាប់តាមចំនួនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមតាមការណែនាំរបស់អាជ្ញាធរ ទើបការរៀបចំរបស់យើង អាចដំណើរការទៅបានដោយរលូន និងទទួលបានមអត្ថប្រយោជន៍ទាំងអស់គ្នា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×