រូបថតប៉ុន្មានសន្លឹក បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានក្តីរំជួលចិត្ត និងក៏ដូចមានការអាណិតអាសូរជាខ្លាំង ខណៈឃើញក្មេងប្រុសតូចៗ២នាក់បងប្អូនបង្កើត បានដឹកដៃគ្នាឡើងឡានពេទ្យ យកទៅកាន់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដោយពុំមានវត្តមានឪពុកម្តាយជូនឡើងឡាននោះទេ។ តែយ៉ាងណា ពួកគេមើលទៅពិតជាមានភាពក្លាហាន និងមិនតក់ស្លុតនោះទេ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Putonnam Emm Nanah កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានបង្ហោះនូវរូបភាព២សន្លឹក បង្ហាញក្មេងប្រុសតូចៗពីរនាក់ បានរៀបចំកាបូបសម្លៀកបំពាក់ និងដឹកដៃគ្នាឡើងឡានទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីពួកគេបានឆ្លងជំងឺកូវីដ១៩ ដែលឃើញហើយពិតជាគួរឲ្យស្រណោះខ្លាំងណាស់។
រូបភាពមួយបានបង្ហាញក្មេងប្រុសជាបង បានដឹកដៃប្អូនប្រុសរបស់ខ្លួន រង់ចាំឡានពេទ្យមកយក ទៅកាន់មន្ទីរពេទ្យ។ ហើយរូបភាពមួយទៀត បានបង្ហាញបងប្អូនប្រុសតូចៗទាំងពីរ ជួយក្រាលកន្ទេលគ្នា សម្រាប់គេង នៅក្នុងអំឡុងពេលព្យាបាលជំងឺរបស់ពួកគេ។

គណនីខាងលើ ក៏បានបញ្ចាក់ឲ្យដឹងថា ឪពុកម្តាយរបស់ក្មេងប្រុសទាំងពីរ បានឆ្លងជំងឺកូវីដ១៩ គឺបន្ទាប់ពីឪពុកម្តាយរបស់ពួកគេ ក៏បានឆ្លងជំងឺនេះមុនពួកគេរួចហើយ។ តែទោះយ៉ាងណា ក្មេងប្រុសទាំងពីរ ក៏ត្រូវបានជួយមើលថែពីក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ផងដែរ។
ក្រោយឃើញរូបភាពរបស់ក្មេងប្រុសទាំងពីរ មានមនុស្សម្នាជាច្រើនបានសម្តែងនូវក្តីអាណិតអាសូរ និងក៏ដូចជាកោតសរសើរ ចំពោះភាពក្លាហាន មិនមានការភ័យតក់ស្លុតរបស់ពួកគេ ហើយក៏បានជូនពរសូមឲ្យពួកគេឆាប់ជាសះស្បើយពីជំងឺមួយនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



