ភ្នំពេញ ៖ លោកដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញតាមយន្តហោះពិសេស ពីចក្រភពអង់គ្លេស បានមកដល់កម្ពុជាដោយសុវត្ថិភាពហើយ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងផ្តើមមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
ប្រមុខការទូតទាំងពីរ គឺលោកដូមីនិក រ៉ាអាប់ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានកិច្ចប្រជុំទ្វេភាគី ដែលផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។
ទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕ រក្សាសិទ្ធិដោយៈ ចេស្តារ


