ខេត្តរតនគិរី ៖ រដ្ឋបាលស្រុកអូរយ៉ាដាវ នៅថ្ងៃទី២៣ខែមិថុនានេះ បានចេញសេចក្ដីណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រកអូរយ៉ាដាវ។

ដោយបានមើលឃើញស្ថានភាពក្នុងខេត្តរតនគិរីថ្មីៗនេះ មានការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោលកាន់តែច្រើនទៅៗ ក្នុងនោះក៏មានប្រជាពលរដ្ឋក្នុងស្រុក អូរយ៉ាដាវផងដែរ ។
យោងសេចក្តីសម្រេចលេខៈ ០៣៧/២១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តរតនគិរី ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូរ៉ដ-១៩ ក៏ដូចជាការពារ អាយុជីវិត និងសុខភាព របស់ប្រជាពលរដ្ឋទូទាំងស្រុកអូរយ៉ាដាវ រដ្ឋបាលស្រុក សូមធ្វើការអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋក្នុង ស្រុកអូរយ៉ាដាវទាំងអស់ ចូលរួមអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ តាមស្មារតីសេចក្តីសម្រេចលេខៈ ០៣៧/២១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តរតនគិរី និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសូមធ្វើការណែនាំដូចតទៅ ៖

- បើគ្មានការចាំបាច់សូមបងប្អូនកុំធ្វើដំណើរទៅក្រៅ (ស្រុកបរកែវ និងក្រុងបានលុង)
- ពេលចេញពីផ្ទះ ឬធ្វើដំណើរទៅកន្លែងទីប្រជុំជន ផ្សារ ត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិច១៥ ម៉ែត្រ
- ត្រូវមានការអនាម័យឱ្យបានល្អ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជេល
- សូមផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ
- ផ្អាកការរៀបចំពិធីផ្សេងៗ ឬធ្វើការជួបជុំគ្ន
- កុំចូលកន្លែងដែលបិតជិត គ្មានខ្យល់ចេញ-ចូល និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន។
- ពេលជួបគ្នាត្រូវចៀសវាងការចាប់ដៃគ្នា ឬកៀកស្មាគ្នា ត្រូវស្វាគមន៍ដោយការសំពះគ្នាទៅវិញទៅមក
- ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល “ ការពារ និង៣កុំ” ។
ករណីបុគ្គលណាមិនអនុវត្ត និងបំពានវិធានការខាងលើនេះ ត្រូវទទួលការពិន័យអន្តរការណ៍ ស្របតាមវិធានការរដ្ឋបាល និងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ។ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ត្រូវអនុវត្តសេចក្ដីណែនាំនេះ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

