Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញា នីគី លាតត្រដាងមូលហេតុលែងចង់ច្រៀងបទ Home For Dinner តទៀត តាមពិតមូលហេតុអីុចឹងសោះ

ភ្នំពេញ ៖ ប្រិយមិត្ត ជាពិសេសយុវវ័យភាគច្រើន និងមហាជនវ័យកណ្តាល បានស្គាល់ហើយពីតារាចម្រៀងឯករាជ្យ កញ្ញា នីគី នីគី ដែលចូលចិត្តលើកយកបទចម្រៀងអង់គ្លេស-ខ្មែរ មកបកស្រាយ និងក៏ត្រូវបានចាត់ទុកថាជា Influencer ម្នាក់ក្នុងសង្គមផងដែរ។

បច្ចុប្បន្ននេះ តារាចម្រៀង Original Song កញ្ញា នីគី នីគី កំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន ព្រោះថាស្ទើរតែគ្រប់បទចម្រៀងរបស់នាងដែលពោរពេញដោយលក្ខណៈច្នៃប្រឌិត គឺសុទ្ធសឹងជាបទដ៏ពេញនិយម និងត្រូវចិត្តសម្រាប់យុវវ័យតែម្តង។

តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ មហាជនហាក់ដូចជាពុំសូវឃើញកញ្ញា នីគី នីគី រម្លឹកពីបទចម្រៀង «Home For Dinner» ដែលជាបទច្រៀងជាភាសាអង់គ្លេសរបស់ខ្លួន តាំងពីក្នុងឆ្នាំ ២០១៤ ខណៈរូបនាងនៅក្មេង មកបកស្រាយឡើងវិញសោះ ព្រោះថា បទចម្រៀងនេះក៏ទទួលបានប្រជាប្រិយភាពក៏មិនធម្មតានោះដែរ។

ពិតណាស់ ស្រាប់តែថ្មីៗនេះ រូបនាងក៏បានចេញមកបញ្ជាក់ពីមូលហេតុដែលលែងចង់ច្រៀងបទខាងលើនេះទៀត ដោយក្នុងនោះ នាងបានរៀបរាប់ឲ្យដឹងថា៖ «មូលហេតុខ្ញុំលែងចង់ច្រៀងបទ “Home For Dinner” កាលសរសេរបទនោះ ខ្ញុំសរសេរជាមួយនឹងអារម្មណ៍តូចចិត្តបន្តិចបន្តួចដែលនៅសល់ពីក្មេង។ ស្ដាយពេលវេលាដែលមិនសូវបានជួបមុខលោកឪពុក។ ពេលវេលាដែលការពិតនោះគឺគាត់រវល់ធ្វើការជូនប្រទេសជាតិ។ តែខួរក្បាលដ៏តូចមួយរបស់ខ្ញុំនោះគិតថាគាត់បង្កើតពេលវេលាបាន តែគាត់មិនធ្វើ។ រហូតមកដល់វ័យ ៣០ ឆ្នាំទើបខ្ញុំដឹងថាខ្ញុំមិនខុសពីគាត់ទេ។ រឿងការងារមួយ ដាក់ចិត្ត ដាក់កាយ ឲ្យគេទាំងអស់! ឥឡូវ មិនមែនតែលោកឪពុកទេដែលចាំបាយខ្ញុំ គឺពួកគាត់ទាំងអស់ក្នុងរូបនេះដែលត្រូវចាំខ្ញុំមកបាយពេលល្ងាចរាល់ដង។ យល់ច្បាស់ដូចថ្ងៃអញ្ចឹងឥឡីវនេះ ថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។

ទោះយ៉ាងណាក៏ខ្ញុំនៅតែព្យាយាមបង្កើតពេលវេលា ទៅជួបជុំឲ្យបានច្រើនដែលអាចធ្វើទៅបាន ព្រោះមានចំណុចមួយដែលខ្ញុំតែងដាស់តឿនខ្លួនឯង។ ខ្ញុំមិនអាចយកភាពរវល់របស់ខ្ញុំជាលេសគ្រប់ពេលបានទេ ព្រោះការងាររបស់ខ្ញុំមិនអាចប្រៀបទៅនឹងការបម្រើរប្រទេសជាតិរាប់សិបឆ្នាំ និងការធ្វើសឹកសង្គ្រាម ការពារជាតិរបស់ឪពុកខ្ញុំបានឡើយ។
សង្គ្រាមសម័យអ៊ីនធឺណិតគឺមិនអាចប្រៀបទៅនឹងភាពក្លាហានដែលលោកប៉ាមាននោះទេ។ សម័យនេះគឺសំបូរទៅដោយមនុស្សកំសាកច្រើន ពួនពីក្រោយស្គ្រីនទូរស័ព្ទ និងកុំព្យូទ័រ ជាន់ពន្លិចគ្នា។ អ្នកស្គាល់ឪពុកខ្ញុំប្រាកដជាដឹងហើយថាគាត់ធ្វើអ្វីបានខ្លះកន្លងមក ជួយអ្នកណាខ្លះ លះបង់អ្វីខ្លះ! អ្នកប្រាកដជាឆ្ងល់ថាហេតុអ្វីខ្ញុំលាក់គ្រួសារខ្ញុំម៉្លេះ ហើយហេតុអ្វីយកថ្ងៃនេះមកសរសេរបែកអូ ហូរស្ទឹង។

អ្នកណាមិនរអៀសខ្លួន បើមានឪពុកដែលគេគ្រប់គ្នាឲ្យតម្លៃ និងគោរពជុំវិញខ្លួនច្រើន រីឯកូនមួយនេះវិញរវល់តែដេញតាមចាប់ក្ដីស្រមៃ។ ការរំពឹងទុក សម្ពាធ និងការប្រៀបធៀប គឺជាមូលហេតុ។ តែថ្ងៃនេះ កូនលែងរអៀសខ្លួនទៀតហើយ ព្រោះកូនដល់ត្រើយហើយ! លុយកាក់ដែលលោកចំណាយមកលើការរៀនសូត្រអស់រាប់មុឺន ចំណេះដឹងទាំងឡាយក្នុងខ្លួន កូនមិនបានចាក់ចោលទេ។ ទាំងខ្មែរ ទាំងអង់គ្លេស កូនប្រើរាល់ថ្ងៃ បូកជាមួយសីលធម៌ និងវិន័យដែលប៉ាបានបង្រៀន។

អញ្ចឹង ឈប់ឆ្ងល់ទៅថាហេតុអ្វីខ្ញុំប្រើពីរភាសារនេះរហូតក្នុងការទំនាក់ទំនង និងការតែងចម្រៀង។ កូនសង្ឃឹមថាប៉ានៅតែមានមោទនភាពចំពោះកូន ទោះបីជាកូនមិនបានក្លាយទៅជាអ្នកមានតំណែងខ្ពស់ក្នុងក្រសួង ឬស្ថាប័នណាមួយក៏ដោយ។ តែប៉ាជឿជាក់ចុះ ដូចប៉ាអញ្ចឹង កូនតស៊ូណាស់ មិនដែលឲ្យប៉ាឈឺក្បាលនឹងរឿងអត់ប្រយោជន៍ និងចេះថែរក្សារ ឲ្យតម្លៃគេជុំវិញខ្លួនរហូតទទួលបានការគោរព ស្រឡាញ់ និងគាំទ្រច្រើនមិនខុសពីប៉ាទេ។ គ្រាន់តែកូននៅប៉ែកខាងសិល្បៈ និងមានសេរីភាពក្នុងការបញ្ចេញសំឡេង និងឥទ្ធិពលបានច្រើនទម្រង់។ ក្នុងឱកាសបុណ្យឪពុកនេះ កូនជូនពរប៉ាឲ្យសុខភាពល្អ មានសុភមង្គលផ្លូវចិត្តច្រើន និងមានគេកោតសរសើរ និងគោរពរឹតតែច្រើន។ ស្កូវច្រើនហើយ នៅតែខំធ្វើការ កូនផ្ញើលុយឲ្យរាល់ខែ នៅតែមិនចង់យក។ ប៉ាល្អពេកហើយ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×